(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧  ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។

លោក ជួប សម្លាប់ ត្រូវបានមន្ត្រីពន្ធនាគារ នាំទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដេីម្បីស្តាប់សាលក្រម។ ចំណែកសន្តិសុខ នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹងខុសធម្មតា។

នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

សូម​បញ្ជាក់​ថា​ បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕