(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី៣០ ខែមីនា ឆ្នាំ២០១៧ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ បានដឹកនាំមន្រ្តីមួយចំនួនចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច​ អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ និងទប់ស្តាត់ការកែ្លងបន្លំតាមស្ថានីយ ដែលមានទីតាំងតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក គឿន ភិរុណ បានបញ្ជាក់ថា ការពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេង ដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និង Regular (92) ។

ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព ប្រេងឥន្ធនៈទាំងនោះមានអនុលោមភាពផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ ដែលបង្ហាញពីភាពសុចរិតរបស់ក្រុមហ៊ុន ក្នុងសកម្មភាពធុរៈកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។

លោក គឿន ភិរុណ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាននឹងបន្តធើ្វការត្រួតពិនិត្យទូទាំងប្រទេស កម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវ ដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់សហការ ចូលរួមធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក៏ដូចជាអតិថិជន អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ទាំងអស់សូមប្រុងប្រយ័ត្ន ត្រូវជ្រើសរើសស្ថានីយប្រេងឥន្ធនៈដែលទុកចិត្ត ពិនិត្យមើលលើកុងទ័រចាប់ពីចំណុចសូន្យ ជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការ នៃលេខម៉ូទ័ររហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ ព្រោះវាត្រូវសើ្មនឹងតម្លៃប្រេងដែលត្រូវចំណាយ។

ប្រសិនបើមានហេតុការណ៍មិនប្រក្រតី កើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈ ដែលអ្នកប្រើប្រាស់ បានជួបប្រទះក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈក្នុងស្ថានីយ ណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888៕