(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅក្នុងកម្មវិធីសន្និសិទកាសែត នាទីស្តីការក្រសួងមហាផ្ទៃ នៅវេលាម៉ោង៤៖០៨រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះបានឲ្យដឹងថា ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្សសង្រ្គោះជាតិគឺ ខុសទៅនឹង ប្រការ៤៧ ទាំងប្រការ៤៧ចាស់ ទាំងប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់ គណបក្សសង្រ្គោះជាតិដែលជាច្បាប់កំពូលរបស់គណបក្សនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការបកស្រាយខុសការពិត ក្រសួងមហាផ្ទៃសូមជំរាបជូន សាធារណមតិជាតិ និងអន្តរជាតិឲ្យដឹងថា៖ ជំនួបតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺជាជំនួបបច្ចេកទេសទាក់ទង នឹងការអនុវត្តច្បាប់ ពុំមែនជាជំនួបដើម្បីរកការសម្របសម្រួលនយោបាយនោះទេ។

* សមាជវិសាមញ្ញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ គឺធ្វើឡើងស្របតាមលក្ខន្តិកៈ របស់គណបក្សសង្រ្គោះជាតិ។

* ប៉ុន្តែសមាជវិសាមញ្ញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មី ចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ។

លិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្សសង្រ្គោះជាតិគឺ ខុសទៅនឹង ប្រការ៤៧ ទាំងប្រការ៤៧ចាស់ ទាំងប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ»។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃជុំវិញការធ្វើសមាជបំពានច្បាប់៖