(កំពង់ចាម)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមីនា​នេះ មន្ត្រីជំនាញជាតិផ្ទុះ​ស៉ីម៉ាក់ នៅទិសខេត្តកំពង់ចាម​ បានបោសសំអាតផ្ទៃដីរងការគំរាមកំហែង ដោយសារគ្រាប់បែកចង្កោមអាមេរិក ស្ថិតនៅភូមិបុស្សថ្លាន់​ ឃុំស្វាយទាប​ ស្រុកចំការលើ​ ខេត្តកំពង់ចាម​ មានផ្ទៃដីជាង២០ហិចតា​ បោសសំអាតរួចមានចំនួនជាង១០ហិចតា​ រកឃើញបែកចង្កោមចំនួន៧៨គ្រាប់។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមគ្រាប់បែកទាំងអស់នោះ គ្រាប់ដែលអាចដោះបន្សាបបានជា​ គ្រាប់បែកចង្កោមប្រភេទ​ BLU26 និងប្រភេទ ​BLU 54​ មានចំនួន៦៥គ្រាប់​ ខណៈក្រាប់បែក១៣គ្រាប់ទៀត ត្រូវបានកម្ទេចចោល។

លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «បើគិតថា​ គ្រាប់បែកចង្កោមនេះមួយ គ្រាប់អាចបង្កឲ្យកូនខែ្មរម្នាក់ស្លាប់ ឬរបួស​ មានន័យថា​ ក្រុមជំនាញនេះ អាចសង្គ្រោះប្រជាពលរដ្ឋ​ ឲ្យរួចផុតពីគ្រោះមហន្តរាយ ពីគ្រាប់បែកចង្កោមទាំងនេះ បានចំនួន៦៥នាក់ដែរ។​ រយៈពេលទំលាក់​គ្រាប់បែកនេះ គិតរហូតមកដល់ពេលនេះជិត៥០ឆ្នាំហើយ​ តែវានៅមានគុណភាពល្អ អាចសម្លាប់មនុស្សបាននៅឡើយ»

សូមរំលឹកថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែក​គីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕