(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទកាសែតដ៏សំខាន់មួយ ដែលមានថេរវេលាប្រមាណ១ម៉ោង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ លោក ប៊ុន ហុន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ គ្មានសិទ្ធិបញ្ជាឲ្យគណបក្សសង្រ្គោះជាតិធ្វើនេះធ្វើនោះទេ ក្រសួងមានភារកិច្ចតាមដានថា តើគណបក្សបានធ្វើតាមច្បាប់លក្ខន្តិកៈ ឬអត់ ហើយក្រសួងមហាផ្ទៃក៏គ្មានសិទ្ធិលូកលាន់ថា តើអ្នកណាជាប្រធាន និងអនុប្រធាននោះទេ សំខាន់ធ្វើតាមច្បាប់លក្ខន្តិកៈរបស់គណបក្ស ដែលជាច្បាប់កំពូលរបស់គណបក្ស។

អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃដដែលរូបនោះ បានថ្លែងថា ក្រសួងបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់យ៉ាងច្បាស់ថា សមាជវិសាមញ្ញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ គឺធ្វើឡើង ស្របតាមលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។ ប៉ុន្តែសមាជវិសាមញ្ញដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មី ចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ដើម្បីចៀសវាងការភ័ន្តច្រឡំ និងការបកស្រាយខុសការពិត ក្រសួងមហាផ្ទៃសូមជំរាបជូន សាធារណមតិជាតិ និងអន្តរជាតិឲ្យដឹងថា៖ ជំនួបតំណាងក្រសួងមហាផ្ទៃ និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺជាជំនួបបច្ចេកទេសទាក់ទង នឹងការអនុវត្តច្បាប់ ពុំមែនជាជំនួបដើម្បីរកការសម្របសម្រួលនយោបាយនោះទេ។

* សមាជវិសាមញ្ញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានធ្វើវិសោធនកម្មប្រការ៤៥ និងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្ស សង្រ្គោះជាតិ គឺធ្វើឡើងស្របតាមលក្ខន្តិកៈ របស់គណបក្សសង្រ្គោះជាតិ។

* ប៉ុន្តែសមាជវិសាមញ្ញកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដែលបានសម្រេចជ្រើសតាំងលោក កឹម សុខា ជាប្រធានថ្មីនៃគណបក្ស និងអនុប្រធានថ្មី ចំនួន៣រូប គឺបំពានទៅនឹងប្រការ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ។

លិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្សសង្រ្គោះជាតិគឺ ខុសទៅនឹង ប្រការ៤៧ ទាំងប្រការ៤៧ចាស់ ទាំងប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលជាច្បាប់កំពូលរបស់គណបក្សនេះ»

ខាងក្រោមនេះជាសេចក្តីប្រកាស និងសន្និសិទកាសែតរបស់ក្រសួងមហាផ្ទៃជុំវិញ ការធ្វើសមាជបំពានច្បាប់៖