(កំពង់ចាម)៖ ក្រុមប្រជាពលរដ្ឋក្នុងភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកបញ្ហាដែលកំពុងប្រឈមជាច្រើនសូមឲ្យលោក លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ និងស្រុកកំពង់សៀម ជួយដោះស្រាយ។

បញ្ហាដែលប្រជាពលរដ្ឋស្នើឲ្យជួយដោះស្រាយតាមរយៈវេទិកាសាធារណៈដែលធ្វើឡើងក្រោមវត្តមានរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះរួមមាន៖ តម្លៃសាច់សត្វ ចរន្តអគ្គិសនី ការខូចខាតផ្លូវលំ ការស្តារប្រឡាយទឹក និងការខ្វះខាតរបងសាលា។

ឆ្លើយតបបញ្ហារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនោះ លោក វេង សាខុន បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់នូវ​ការជួសជុលផ្លូវ និងលូដែលរងការខូចខាតនៅក្នុងឃុំ ចូលរួមកសាងព្រះវិហារក្នុងវត្តអង្គួញដី ការស្តារប្រឡាយទឹក និងត្រួតពិនិត្យក៏តបណ្តាញអគ្គិសនី ហើយចាត់ឲ្យក្រុមការងារបន្តចាត់វិធានការ និងតាមដានចំពោះការអនុវត្តសំណើទាំងនេះ។

នៅក្នុងវេទិកាសាធារណៈនៅថ្ងៃនេះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និង សម្តេចកត្តិព្រឹទ្ធ​បណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាព​រស់នៅរបស់ប្រជា​ពលរដ្ឋនៅតាមមូលដ្ឋាន។

បន្ថែមពីនេះលោករដ្ឋមន្រ្តី បានលើកទ្បើងពីការវិវឌ្ឍន៍ នៃសង្គមសេដ្ឋកិច្ច និងផែនការអភិវឌ្ឍនានា ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់បណ្តាញអគ្គីសនី។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីបញ្ហាពលករចំណាកស្រុក ជាបញ្ហាសកល ដោយប្រទេសដែលមានកម្រិតចំណូលទាប ត្រូវទៅបំពេញការងារនៅប្រទេសដែលមានកម្រិតចំណូលខ្ពស់ ដើម្បីបង្កើនជីវភាពគ្រួសារ៕