(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះមេគណខេត្ត នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បាននិមន្ត និងអញ្ជើញក្នុងពិធីបិទការផ្សព្វផ្សាយអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥ នៅខេត្តពោធិ៍សាត់ ដែលរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនាខេត្ត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តសូរិយា ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីសង្ឃ បរិស័ទឥស្លាមសាសនា គ្រឹស្តសាសនា និងគ្រប់និកាយសាសនានៅក្នុងខេត្ត ជាង៧០០អង្គ/នាក់ ដើម្បីបូកសរុប និងពិនិត្យមើលលទ្ធផល នៃការអនុវត្តសង្ឃប្រកាស របស់អនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ ក្នុងឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ លើការងារវប្បធម៌ សាសនា ដើម្បីពង្រឹងការអនុវត្តន៍ រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន សក្កិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ព្យន៍ធនធានបុព្វជិត ឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់។

លោក ម៉ៅ ធនិន បានថ្លែងថា ការរៀបចំពិធីនេះឡើង ក្រោមបរិយាកាសមហាសាមគ្គីភាពល្អ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យបានរីកចម្រើន និងស្ថិតស្ថេរគង់វង្យជារៀងរហូត។ ជាមួយគ្នានោះវិស័យពុទ្ធិកសិក្សាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ឧត្តមសិក្សា។ ស្របនឹងការរីកចំរើននេះ ក៏នៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយដោយឈរលើទស្សនៈ ព្រះពុទ្ធសាសនា ជាកម្លាំងដឹកនាំចរិយាធម៌សង្គម។

លោកអភិបាលខេត្តបានបន្តទៀតថា ត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំយើងទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។  

លោកអភិបាលខេត្តបានបន្ថែមថា គ្រប់សាសនាទាំងអស់ក្នុងប្រទេសកម្ពុជា បានចាប់កំណើតក្នុងថៃជាមួយគ្នា គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានគុណដ៏ធំធេងរបស់សម្ដេចទាំង៣ រំដោះផុតពីរបបទមិឡឥតសាសនា ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ជាការពិតណាស់ នាសម័យបច្ចុប្បន្ននេះ វិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ នេះគឺដោយសារការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព និងសេ្ថរភាពរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានប្រគេនប័ណ្ណសរសើរ ដល់ព្រះបាឡាត់គណខេត្ត និងព្រះអនុគណតាមស្រុកនានាផងដែរ៕