(ភ្នំពេញ)៖ កម្ពុជា-រុស្ស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗចំនួន ៨បន្ថែមទៀតក្នុងពេល បើកកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាអំឡុងខែកក្កដា ឬ សីហា ឆ្នាំ២០១៧នេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបពិភាក្សាការងារជាមួយលោក អ៉ីហ្គ័រ ម៉ូហ្គូឡូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ លោក អ៊ុច បូរិទ្ធ បានឲ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារ ដែលគ្រោងនឹងចុះហត្ថលេខានោះរួមមាន៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ពិធីសារក្នុងការអនុម័តនូវអនុសាសន៍ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងគ្រឿងញៀន ត្រៀមប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿង, អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការផ្នែកយុវជន, អនុស្សារណៈស្តីពីការការ ពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ, កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលអាតូមិចក្នុងទិសដៅសន្តិភាព, កិច្ចសហប្រតិបត្តិការខាងផ្នែកយោធា, កិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញា និង កិច្ចសហប្រតិ បត្តិការរវាងពិធីសារ នៃការប្រឹក្សាយោបល់រវាងប្រទេសទាំងពីរ។

បើតាមលោក អ៊ុច បូរិទ្ធ មានកិច្ចព្រមព្រៀង និងពិធីសារចំនួន ២០រួចមកហើយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី បានចុះហត្ថលេខាជាមួយគ្នាចាប់តាំងពីឆ្នាំ២០១៥មក ក្នុងដំណើរទស្សនកិច្ចរបស់ ឌីមឺឌ្រី មេធវ៉េដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី មកកាន់កម្ពុជា និងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៦។

លោក អ៊ុច បូរិទ្ធ បានហៅកិច្ចព្រមព្រៀងដែលកម្ពុជា-រុស្ស៊ី បានចុះហត្ថលេខា និងគ្រោងចុះហត្ថលេខាជាមួយគ្នានេះ គឺជាការបង្ហាញឲ្យ ឃើញពីចំណងទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ ខណៈដែលចំណងទំនាក់ទំនងការទូតប្រទេសទាំងពីរមានអាយុកាល ៦០ឆ្នាំមកហើយនោះ៕