(ភ្នំពេញ)៖ កម្មករ-កម្មការិនីជិត៣០នាក់ តំណាងឲ្យគ្នាពួកគេ ៦០០នាក់ បានលើកគ្នាទៅតវ៉ាទាមទារបើកប្រាក់ខែ ពីរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់មួយឈ្មោះ អេវើ គ្លូរី ខេមបូឌា ហ្គាមិន មេនូហ្វេកឈើរីង បន្ទាប់ពីថៅកែរោងចក្រនេះបានសន្យាថា នឹងបើកលុយឲ្យនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ តែរហូតដល់ថ្ងៃនេះហើយ នៅមិនទាន់ឃើញបើកឲ្យទៀត។

ការផ្ទុះការតវ៉ាទាមទារបើកប្រាក់ខែនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ ស្ថិតលើផ្លូវលេខ៩០០ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បើតាមលោកអនុសេនីយ៍ទោ នង សាបុង នាយនគរបាលប៉ុស្ដិ៍ស្ដីទីទួលសង្កែ បានបញ្ជាក់ថា មានកម្មករ-កម្មការិនី ប្រហែលជិត៣០នាក់ បានប្រមូលផ្ដុំគ្នា អ្នកខ្លះទិញទឹក អ្នកខ្លះទិញបាយកញ្ចប់ និងម្ហូប ខ្លះទៀតប្រមូលទាំងកន្ទេល និងម៉ុង ដើម្បីមកដេករងចាំនៅខាងមុខរោចចក្រកាត់ដេរសម្លៀកបំពាក់ «អេវើ គ្លូរី ខេមបូឌា ហ្គាមិន មេនូហ្វេកឈើរីង» ដើម្បីឲ្យថៅកែរោងចក្រ លោក Chen yan ming មកបើកប្រាក់ខែឲ្យ។

លោកនាយប៉ុស្ដិ៍ស្ដីទីទួលសង្កែ បានបន្តថា ករណីកម្មករប្រមូលផ្ដុំគ្នា ដើម្បីទាមទាបើកប្រាក់ខែនេះ បានផ្ទះឡើងក្រោយថៅកែរោងចក្រ បានសន្យាបើកទាំងប្រាក់ខែ និងប្រាក់៥%ទៀត ជូនកម្មករកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មកម្លេះ ហើយដោយការទន្ទឹងរងចាំរយៈពេល២ថ្ងៃ ពុំឃើញមានថៅកែ ឬរដ្ឋបាលរោងចក្រ បើកប្រាក់ខែឲ្យពួកគាត់ឡើយ និងកាន់តែខិតគៀករដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្នុងរោងចក្រនោះ មានកម្មករ-កម្មការិនី ដល់ទៅ៦០០នាក់ ឯណោះ។

បើតាមកិច្ចសន្យាបានបញ្ជាក់ថា ថៅកែរោងចក្រ លោក Chen yan ming បានសន្យាជាមួយកម្មករ-កម្មការិនីថា នៅក្នុងអំឡុង៣ថ្ងៃទៀត នឹងបើកទាំងប្រាក់ខែ និងបើកប្រាក់៥%បន្ថែមទៀត ជូនពួកគាត់។

ទោះបីយ៉ាងនេះក្ដី កម្មករ-កម្មការិនីនៅតែទទូចសុំឲ្យមានកិច្ចអន្តរាគមន៍ ពីអាជ្ញាធរ ថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសរដ្ឋបាល និងថៅកែរោងចក្រ ជួយពន្លឿនការបើកប្រាក់ខែនេះផង ពីព្រោះកម្មករម្នាក់ៗ កំពុងទន្ទឹងរងចាំមើលចំណាត់ការគ្រប់គ្នា ដើម្បីមានលុយធ្វើដំណើរទៅស្រុកកំណើត ចូលរួមឱកាសបុណ្យចូលឆ្នាំថ្មីវិញ៕