(កំពង់ឆ្នាំង)៖ ថ្លែងចេញពីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt បានឲ្យដឹងថា សហរដ្ឋអាមេរិកទទួលស្គាល់ជាប្រវត្តិសាស្រ្ត ដែលបានទម្លាក់គ្រាប់បែកយ៉ាងទំងន់មកដល់ទឹកដីកម្ពុជា ហើយលោកបានអះអាងថា បញ្ហាបំណុលដែល កម្ពុជា ជំពាក់អាមេរិកនោះ គឺលោកបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដើរឆ្លងផ្លូវ ព្រោះកន្លែងការងាររបស់គាត់ (រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច) នៅទល់មុខគ្នា លោកបានពិភាក្សាអំពីបញ្ហាបំណុលនេះរួចហើយ, ខ្ញុំយល់ចំពោះការព្រួយបារម្ភ (បំណុល) ប៉ុន្តែសម្រាប់ ថ្ងៃនេះយើងមកទីនេះដើម្បីតែពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្នុងសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ»

ទោះបីយ៉ាងណា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt មិនបានបញ្ជាក់លម្អិតអំពីការពិភាក្សារឿងបំណុល រវាងលោក នឹងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ, ដោយលោកព្យាយាមមិនឆ្លើយច្រើន ទៅនឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ។ ដោយលោក លើកឡើងថា លោកមកទីនេះដើម្បី​ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជាក្នុងសកម្មភាពបោសសំអាតមីនតែប៉ុណ្ណោះ។

អង្គភាពព័ត៌មាន Fresh News នឹងសុំការបំភ្លឺពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅពេលបន្ទាប់ទៀត។

សូមជំរាបថា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William ​A. Heidt បានអញ្ជើញចុះធ្វើទស្សកិច្ច នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ នៅឯខេត្តកំពង់ឆ្នាំង។

បើតាមមន្ត្រីស៉ីម៉ាក់បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតប្រទេសអាមេរិក ដែលជាប្រទេសធ្លាប់ទម្លាក់គ្រាប់បែកលើ ប្រទេសកម្ពុជា ប្រមាណ៣លានតោននោះ លោក William ​A. Heidt អញ្ជើញពិនិត្យការងារគម្រោងមួយចំនួន ដែលអាមេរិកគាំទ្រដល់កម្ពុជា ក្នុងការដោះមីន តាមរយៈអង្គការមួយចំនួន ហើយលោកឯកអគ្គរដ្ឋទូត និងលោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា រួមនឹងលោក ហេង រតនា អគ្គនាយកសុីម៉ាក់ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមស៉ីម៉ាក់ ដែលបញ្ចប់វគ្គសិក្សា លើជំនាញ កម្ទេចគ្រាប់ ដែលគាំទ្រដោយអាមេរិក។ ជាមួយគ្នានេះ ក្នុងដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរដ្ឋទូតអាមរិក ក៏បានពិភាក្សាការងារទ្វេភាគីជាមួយ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ ពាក់ព័ន្ធបញ្ហាដោះមីននៅកម្ពុជាផងដែរ។

អាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕