(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្មីៗនេះបានចេញអនុក្រឹត្យមួយ ដោយកំណត់ជាថ្មីថា ចាប់ពីពេលនេះតទៅ អ្នកដែលអាចមានងារជា «ឧកញ៉ា» លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ។ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅប៉ុន្មាននាទីមុននេះ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧។

អនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានសរសេរថា «ចំណុចទី១ មាត្រា២ នៃនៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖ ១ ថ្មី សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី១០០០០០(ដប់ម៉ឺន) ដុល្លារអាមេរិក ឡើងទៅ ត្រូវបានជូនមេដាយ ស្ថាបនាជាតិថ្នាក់ទី១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី៥០០០០០(ហាសិបម៉ឺន) ដុល្លារឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា”»

សូមជំរាបថា កាលពីលើកមុនដើម្បីទទួលបានងារជាឧកញ៉ា ត្រូវធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី១០០០០០(ដប់ម៉ឺន) ប៉ុន្តែពេលនេះលុះត្រាតែ៥០ម៉ឺនដុល្លារទើបបាន។

ខាងក្រោមនេះជាអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល៖