(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូល ដោយអំពាវនាវដល់រដ្ឋសភាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈម ចំពោះមុខបន្តទៀត ដើម្បីធានាបាននូវសង្គមកម្ពុជាមួយប្រកបដោយ ភាពសុខដុមរមនា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ជាមួយគ្នានេះ ភាពរីកចម្រើនយូរអង្វែង។
ព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសារមួយ ផ្ញើទៅកាន់រដ្ឋសភា នៅក្នុងឱកាស បើកសម័យប្រជុំលើកទី៨ នីតិកាលទី៥ របស់រដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ។ ព្រះរាជសាររបស់ ព្រះករុណាសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាង ប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហា ប្រឈម ចំពោះមុខបន្តទៀត ដើម្បីសម្រេចឱ្យបាននូវទិសដៅរួមជាជំហានៗ ធានាបាននូវ សង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយនេះ ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ គឺការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនយូរអង្វែង»។
ព្រះមហាក្សត្របានមានព្រះបន្ទូលថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់បន្ថែមទៀត លើវិស័យសុខាភិបាល អប់រំ និងសង្គមកិច្ច ដោយបានបង្កើនថវិកាជាតិយ៉ាងច្រើន នៅក្នុងឆ្នាំ២០១៧នេះ។ ការវិនិយោគជាមួយវិស័យសិក្សាធិការ និងសុខាភិបាល គឺជាការវិនិយោគដ៏ល្អមួយ ព្រោះការសិក្សា និងគ្រួសារជាមូលដ្ឋានគ្រឹះដ៏គង់វង្ស របស់ប្រទេសជាតិ ។
ព្រះរាជសារបានបញ្ជាក់ថា «ការខិតខំប្រឹងប្រែងរបស់សម្តេច ឯកឧត្តម និងលោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ជាតំណាងប្រជាពលរដ្ឋម្ចាស់ឆ្នោត។ បានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និង ជួយដោះស្រាយ បញ្ហាដល់ប្រជារាស្ត្រនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងឡាយ របស់ប្រជារាស្ត្រមកជម្រាបជូនរាជរដ្ឋាបាល ដើម្បីរិះរកវិធាន ការដោះស្រាយរាល់បញ្ហាទាំងនោះ»។
ព្រះមហាក្សត្របានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងអនុប្រធានទី២ រដ្ឋសភា ព្រមទាំង លោក, លោកស្រីប្រធានគណៈកម្មការ និងសមាជិក, សមាជិការដ្ឋសភាទាំងអស់ ដែលបាន បំពេញការងារអស់ពីកម្លាំង កាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្ត ទុកដាក់ក្នុងការបម្រើ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ក្នុងវិស្សមកាលកន្លងមក។
ព្រះករុណា ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយនិងសង្គម សន្តិភាព និង សន្តិសុខផ្ទៃក្នុង និងគ្រប់គ្រងសេដ្ឋកិច្ច បានធ្វើឱ្យកម្ពុជា សម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រកំរិតខ្ពស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕