(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានអះអាងថា តាមច្បាប់ព្រហ្មទណ្ឌ ការចាប់ខ្លួនលោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនចាំបាច់រង់ចាំដល់មា​នការប្រកាសបណ្តេញចេញនោះទេ។

លោក គឹម​ សន្តិភាព បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ជូនថា បណ្តឹងអាជ្ញាប្រឆាំងនឹងបុគ្គលនេះ មិនរង់ទាល់តែមានការប្រកាស បណ្តេញចេញនោះឡើយ ប្រសិនបើមានតម្រុយ នៃបទល្មើសព្រហ្មទណ្ឌមែននោះ! (សូមពិនិត្យក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)»

សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង​៨៖៤៥នាទី​ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ នាយរងប៉ុស្តិ៍​អន្តោរប្រវេសន៍ ឈានពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នា បណ្តាលឱ្យរងរបួសនៅស្មា ​តែសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត​ ។ បន្ទាប់ពីមានករណីនេះ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានធ្វើលិខិតស្នើសម្តេចក្រឡាហោម ស ខេង​ ដើម្បីពិចារណាក្នុងការបណ្តេញជននេះ ចេញពីក្របខណ្ឌ។

មន្រ្តីគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ឈាន ពិសិដ្ឋ ត្រូវសម្តេចក្រឡាហោម សម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែម្តង ហើយសេចក្តីប្រកាសនេះ នឹងធ្វើរួចអាចនៅរសៀលថ្ងៃនេះហើយ»

គិតរសៀលថ្ងៃនេះ ឈាន ពិសិដ្ឋ​ បានរត់គេចខ្លួននៅឡើយ ហើយទូរស័ព្ទក៏តេមិនចូលទេ តែមិនអាចរត់ទៅណារួចទេ ត្រូវតាមចាប់យកមកកាត់ទោសតាមច្បាប់។ នេះជាការបញ្ជាក់បន្ថែមរបស់មន្រ្តីជាន់ខ្ពស់រូបនេះ៕

​ជនដៃដល់​ ឈាន ពិសិដ្ឋ

ជនរងគ្រោះ សេម មករា