​(កណ្ដាល)៖ ក្នុងតំបន់សេដ្ឋកិច្ច 7NG នៃឃុំវិហារសួគ៌ ខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រានធំមួយ ​រយៈពេល៣ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានសកម្មភាពកម្សាន្តជាច្រើន ដើម្បីទាក់ទាញ​អ្នកទស្សនាយ៉ាងច្រើនកុះករ។ អ្វីដែលគេចាប់អារម្មណ៍ គឺវត្តមានអ្នកសិល្បៈ​ នៅក្នុងក្រុមគ្រួសារតារាកម្ពុជា ជាង៣០រូបក៏បានបង្ហាញខ្លួន ផងដែរ។

អ្វីដែលធ្វើឲ្យអ្នកសិល្បៈ ចាប់អារម្មណ៍ខ្លាំង គឺនៅក្នុងព្រឹត្តិការណ៍នេះ មានការដាក់ដេញថ្ងៃ ការប្រណាំងសេះ ដែលជាការរៀបចំលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដើម្បីញ៉ាំងកម្មវិធីទាំងមូល កាន់តែសប្បាយរីករាយទ្វេដង។

​លោក ស្រី ចន្ធូ នាយកក្រុមហ៊ុន​ 7NG ជាអ្នករៀបចំបាន​អះអាងថា ​កម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍នេះ នឹងប្រើពេល៣ឆ្នាំទៅមុខ ទើបប្រព័ន្ធដេញថ្លៃសេះ ដែលបានធ្វើឡើង​មានការចូលរួម​ផុសផុល និងចាប់អារម្មណ៍ខ្លាំង។ ​សេះដែលដេញថ្លៃបាន គឺម្ចាស់អាចយកទៅចិញ្ចឹម ដោយខាងក្រុមហ៊ុន​ ក៏មានសេវាកម្មថែ​រក្សាជូន ក្នុងកិច្ចព្រមព្រៀងកំណត់​ណាមួយ​។ លោក​បានសរសើរ ចំពោះវត្តមានតារាសិល្បៈ ដែលក្រៅពីចូលរួមរាំច្រៀង ក៏បានបង្ហាញការចាប់អារម្មណ៍ ចំពោះពូជសេះនីមួយៗ ក្នុងពេលដេញថ្លៃ។

​ដោយឡែក លោក ភោ សុផានិត ពិធីករ និងជាអ្នកចាត់ចែងកម្មវិធីសិល្បៈ ក្នុងព្រឹត្តិការណ៍សង្ក្រាននេះ បានអះអាងថា ព្រឹត្តិការណ៍នេះមានរយៈពេល៣ថ្ងៃ ដោយផ្ដើមពីថ្ងៃទី៨ មេសា រហូតដល់ថ្ងៃ១០ មេសា ដោយក្នុងពិធីនោះ ក្រៅពីមានវត្តមានតារាល្បីៗច្រៀងរាំ ក៏មានព្រឹត្តិការណ៍​ប្រណាំងម៉ូតូ ព្រឹត្តិការណ៍ប្រណាំងសេះ និងព្រឹត្តិការណ៍ដេញថ្លៃសេះ ជាលើកដំបូងនៅកម្ពុជា ក្នុងចំនួនច្រើនក្បាល ក្នុងរយៈពេល៣ថ្ងៃនោះផង។

លោកបានថ្លែងបន្តថា នេះជាលើកទី១ ដែលតារាសិល្បៈ និងភ្ញៀវកិត្តិយស មានឱកាសបានឃើញពូជសេះ​​ល្អរបស់កម្ពុជា និងពូជមកពីពិភពលោក តាមរយៈការដាក់ឲ្យដេញ​ថ្លៃជាសាធារណៈ។ ​ពូជសេះទាំងនេះ ត្រូវបានរៀបចំឲ្យដេញថ្លៃ ក្នុងបំណងបង្រៀន ឲ្យអ្នកទស្សនាព្រឹត្តិការណ៍វិហារ​សួគ៌សង្ក្រាន បានយល់ពីប្រព័ន្ធដេញថ្លៃ និងចង់បង្ហាញឲ្យសាធារណៈមតិ បានដឹងថា នៅក្នុងប្រទេសកម្ពុជា ក៏មានពូជសេះល្បី ត្រូវបាននាំយកមកបង្កាត់​ពូជផងដែរ។

​សូមបញ្ជាក់ថា ពូជសេះទាំងនេះ ត្រូវបានប្រកាសថា មានតម្លៃចាបពី១៥០០ដុល្លារ រហូតដល់៣៥០០០ដុល្លារ ដោយការដេញថ្លៃ មានកម្រិតពី១០០ដុល្លារ ទៅ១០០០ដុល្លារ។ លោកថាសង្ក្រានភាគច្រើន គេផ្ដោតតែលើការលេងល្បែងប្រជាប្រិយ និងការរាំច្រៀងប៉ុណ្ណោះ ប៉ុន្តែសង្ក្រានដែលបានធ្វើ​ឡើងនៅវិហារសួគ៌ គឺមានបញ្ចូលព្រឹត្តិការណ៍ ដេញថ្លៃសេះ បើទោះជាការដេញថ្លៃនេះ នៅមិនទាន់មានការចាប់អារម្មណ៍ ពីសំណាក់អ្នកចូលរួមនៅឡើយ៕