(ភ្នំពេញ)៖ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានចេញដីកាបញ្ជាឲ្យ លោក ឈាន ពិសិដ្ឋ ចូលខ្លួនដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធ ករណីប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តទៅក្នុងបរិវេណ​ប៉ុស្តិ៍អន្តរជាតិអន្តោរប្រវេសន៍ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះបើយោងតាមដីកាដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

នៅក្នុងដីកានោះបានបញ្ជាក់ថា «បញ្ជាឲ្យ ឈាន ពិសិដ្ឋ ភេទប្រុស ថ្ងៃកំណើតទី០៥ ខែមិថុនា ឆ្នាំ១៩៨០ មុខរបរជានាយរងប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យចូលមកបង្ហាញខ្លួន នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនិងករណី ប៉ុនប៉ង ឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តនៅក្នុងបរិវេណប៉ុស្តិ៍អន្តរជាតិអន្តោរប្រវេសន៍ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ កំណត់ឲ្យបានមុនថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧»

យោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ សេម មករា បានបញ្ជាក់ថា សូមប្តឹងទៅលើឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍ ដែលបានយកអាវុធខ្លីមកបាញ់ប៉ុនប៉ងអាយុជីវិតខ្ញុំ ដោយចេតនានៅមុខបន្ទប់ធ្វើការ ក្នុងអង្គភាពនៅចំពោះមុខលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នៅពេលដែលខ្ញុំបានទទួលបញ្ជាពីលោកនាយប៉ុស្តិ៍ឲ្យអញ្ជើញមន្រ្តីក្នុងប៉ុស្តិ៍ចំនួន០២នាក់ ដែលបានទះទង្គិចពាក្យសម្តីគ្នា នៅពេលបំពេញការងារជំនាញមកធ្វើការអប់រំ»។