(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយ​ចំពោះផលិតផល និងកសិផលរបស់ខ្មែរនោះឡើយ ហើយរាល់ពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមវេទិកាផ្សេងៗនៅក្រៅប្រទេស គឺតែងតែស្វះរកទីផ្សារសម្រាប់ផលិតផល និងកសិផលរបស់ខ្មែរ។

ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទទួលស្គាល់ថា ការរកទីផ្សារសម្រាប់ផលិតផលរបស់ខ្មែរ ជាពិសេសទីផ្សារអង្ករ​មានផលលំបាកខ្លាំង។ លំបាកដោយសារប្រទេសនៅតំបន់អាស៊ានជាច្រើន ដូចជាថៃ វៀតណាម មីយ៉ាន់ម៉ា សុទ្ធតែជាប្រទេសផលិតស្រូវនាំអង្ករចេញ ខណៈដែលប្រទេសឥណ្ឌា ក៏ជាប្រទេសស្តុកអង្ករដ៏ច្រើនមួយផងដែរ ជាហេតុនាំឲ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់ទីផ្សារអង្ករ។

សម្តេចតេជោ បានលើកឡើងដែរថា ការប្រកួតប្រជែងតម្លៃជាមួយប្រទេសផលិតអង្ករដទៃ គឺជាឧបសគ្គធំមួយសម្រាប់​អង្ករកម្ពុជា​ក្នុងការនាំចេញ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ព្រោះតែការផលិតអង្ករបស់កម្ពុជាមានតម្លៃខ្ពស់ ដូច្នេះអង្ករកម្ពុជា ដែលយកទៅលក់តាមទីផ្សាររបស់ប្រទេសនានា ក៏មានតម្លៃខ្ពស់ជាងគេផងដែរ ខណៈដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿន​មួយចំនួននៅតែចង់បានអង្ករពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតម្លៃទាប។

បើទោះបីជាទីផ្សារអង្ករមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែប្រឹងប្រែង​ចរចាស្វែងរកទីផ្សារ​ពីប្រទេសទិញ​អង្ករនានា ដូចជាស្នើវៀតណាមជួយទិញអង្ករបាន ៣០ម៉ឺនតោន និងប្រទេសចិន បាន ២០ម៉ឺនតោន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខិតខំរកទីផ្សារ ដើម្បីកសិកររបស់យើង មិនមែនជាការព្រងើយ​កន្តើយនោះទេ។ ទៅទីណាសូមឲ្យគេជួយទិញនៅទីនោះ»

ពាក់ព័ន្ធការនាំចេញអង្ករនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅប្រជាកសិករខ្មែរឲ្យដាំដុះស្រូវដែលមានពូជល្អ និង ត្រូវចៀវវាងការប្រើប្រាស់សារធាតុគីមីក្នុងការដាំដុះ ដែលនាំឲ្យប៉ះពាល់ដល់គុណភាពអង្ករ បាត់បង់ទំនុកចិត្តពីអ្នកទិញ។ បើតាមសម្តេច ព្រោះតែកេរ្តិ៍ឈ្មោះអង្ករល្អរបស់ខ្មែរនេះហើយ ទើបអង្ករខ្មែរក្លាយជាទីផ្សារដ៏ធំមួយនៅតំបន់អឺរ៉ុប។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅ​ប្រទេសរយៈពេលពីរខែឆ្នាំ២០១៧នេះ បានជាង ១០ម៉ឺនតោន កើនឡើងលើសឆ្នាំទៅជាង ១៤ភាគរយ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អង្កររបស់កម្ពុជានាំទៅកាន់ប្រទេសគោលដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរ​លំដាប់ទី១ បារាំងឈរលំដាប់ទី២ ប្រទេសប៉ូឡូញលំដាប់ទី៣ អង់គ្លេសលំដាប់ទី៤ ប្រទេសណេដឺឡែនឈរលំដាប់ទី៥...។

បើតាមលោករដ្ឋមន្រ្តី មានក្រុមហ៊ុនចំនួន៥៤ ដែលបាននាំចេញអង្ករក្នុងបរិមាណច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Baitang Kampuchea ឈរលំដាប់លេខ១ ក្រុមហ៊ុន Cristal Rice ឈរលំដាប់លេខ២ ក្រុមហ៊ុន Khmer Food Group ឈរលំដាប់លេខ៣ ក្រុមហ៊ុន Apsara Rice ឈរលំដាប់លេខ៤ ក្រុមហ៊ុន City Rice Import Export ឈរលំដាប់លេខ៥...៕