(ភ្នំពេញ)៖ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា» នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ តំណាងភាគីរាជរដ្ឋាភិបាល លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាថ្មីនេះ មិនប៉ះពាល់ដល់ការបញ្ជាទិញ ផលិតផលពីកម្ពុជាឡើយ ទោះប្រាក់ឈ្នួលនៅកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ក៏ពិតមែន។

បញ្ហានេះ ក៏ត្រូវបានលោក ណាង សុធី តំណាងសមាគមនិយោជក បញ្ជាក់ដែរថា ច្បាប់ថ្មីនេះ មិនប៉ះពាល់ដល់ការបញ្ជាទិញ ពីអន្តរជាតិជាតិឡើយ ព្រោះថ្លៃលក់ទំនិញមួយ មិនមែនអាស្រ័យតែទៅលើថ្លៃកម្លាំងពលកម្មតែមួយមុខនោះទេ។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា» នៅសណ្ឋាគារភ្នំពេញនោះ លោករដ្ឋមន្រ្តី អ៊ិត សំហេង ថ្លែងយ៉ាងដូច្នេះថា «ក្នុងការកំណត់ប្រាក់ឈ្នួលបាន គឺមានគ្រប់ភាគី មានទាំងខាងសហជីព និយោជក និងរាជរដ្ឋាភិបាល ហើយនិយោជក គឺជាអ្នកគិតគូរទៅដល់កត្តាសេដ្ឋកិច្ច ថាតើប៉ុន្មានដែលយើងអាចដំឡើងបាន ហើយមានផលប្រយោជន៍ទៅដល់កម្មករ បង្កើនផលិតភាព និងធានាបានការបញ្ជាទិញ ហ្នឹងជាយន្តការក្នុងការធានា»

ចំណែក លោក សុធី ក៏ថ្លែងដែរថា «តម្លៃផលិតកម្មមួយ មិនមែនគិតតែទៅលើតម្លៃប្រាក់ឈ្នួលតែមួយមុខទេ គឺគិតទៅលើវត្ថុធាតុដើម លើការដឹកជញ្ជូន សព្វបែបយ៉ាងថែមទៀត, ទំនិញក៏មិនមែនផលិតក្នុងតម្លៃមួយប្រភេទដែរ វាមានតម្លៃថោក តម្លៃមធ្យម និងតម្លៃខ្ពស់ បើតម្លៃពលកម្មខ្ពស់បន្តិច វិនិយោគិននឹងពិចារណាថា ត្រូវផលិតអី គុណភាពអី បរិមាណអី ដើម្បីទៅប្រកួតប្រជែងនៅទីផ្សារ»

ចាប់ពីខែមករា ឆ្នាំ២០១៧មក កម្មករនិយោជិតដែលបម្រើការក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បរមាចំនួន១៥៣ដុល្លារ ក្នុងមួយខែ។

សូមជម្រាបថា ទំហំពាណិជ្ជកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៦ កើនដល់ ១០.៦ពាន់លានដុល្លារ។ ដោយឡែក នៅអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០១៦ កម្ពុជាបាន​នាំចេញសម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់​សរុប ១.៥៥ពាន់លានដុល្លារអាមេរិក កើនឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានត្រឹមតែ១.៣៧ពាន់លានដុល្លារអាមេរិក។ ទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង រួមមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា៕