(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន​ប្រកាស​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ប្រ​ណាំង​កង់​អន្តរជាតិ​ «Mount Bokor Challenge 2017» ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​នឹង​​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ភ្នំបូកគោ ខេត្ត​កំពត​ នៅ​ថ្ងៃទី​៦ និង​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជា​ក្រុមហ៊ុន​ក្នុងស្រុក​១០០% ដែល​ផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត​បាលីប្ល៊ែក ភេសជ្ជៈប៉ូវកម្លាំងWurkz និង​ទឹក​ផ្លែឈើ Joop។​​

ព្រឹត្តិការណ៍ប្រ​ណាំង​កង់​អន្តរជាតិ​នេះ បែង​ចែក​ជា​បី​ដំណាក់​កាល ​គឺ​ការ​ប្រកួត​ជិះឡើង​ចំណោត​ភ្នំ(King of the Mountain) ការ​ប្រកួត​កំណត់​ថេរៈវេលាជា​ក្រុម(Team Time Trial) និង​ការ​ប្រណាំង​ (Road Race)​ ហើយ​នឹង​អាច​ទាក់ទាញ​កីឡាករ​ប្រណាំង​កង់​មក​ពី​១២​ប្រទេសផ្សេងគ្នា​ប្រហែល​៤៤០​នាក់ ដែល​ក្នុង​នោះ​ក៏មាន​កីឡាករ​​ប្រ​ណាំងកង់​ជម្រើស​ជាតិ​ពី​តំបន់​អាស៊ីអាគ្នេយ៍​ប្រ​ហែល​៥០នាក់ ​និង​កីឡាករ​ប្រ​ណាំង​កង់​កម្ពុជា​ប្រហែល​១១០​។

លោក​ លាង ពៅ (ភីធើរ) អគ្គនាយក​ក្រុមហ៊ុន ​ខ្មែរ ​ប៊ែវើរីជីស បាន​មាន​ប្រ​សាសន៍ថា «ក្រុមហ៊ុន​ចង់​ចូលរួមលើកស្ទួយវិស័យ​កីឡា​ ហើយ​តាម​រយៈកម្មវិធី​អន្តរជាតិ​មួយ​នេះ យើង​សង្ឃឹម​​ថា​ភ្នំ​បូកគោ​របស់​កម្ពុជា​ នឹង​​​ក្លាយ​ជា​គោលដៅ​​ប្រណាំង​កង់​​ល្បីឈ្មោះមួយ​ក្នុង​តំ​បន់​អាស៊ីអាគ្នេយ៍ ​​និង​អាច​ទាក់​ទាញអ្នក​​រៀបចំព្រិត្តិការណ៍​​ប្រ​ណាំង​កង់​អន្តរជាតិ​ផ្សេងៗទៀតមក​មក​ទឹក​ដី​ខេត្ត​កំពតយើង​»

នេះ​មិន​មែន​ជា​លើកទីមួយ​របស់​ក្រុម​ហ៊ុនខ្មែរ​ប៊ែវើរីជីសក្នុង​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជានោះ​ទេ។ កន្លងមក​ ក្រុមហ៊ុនតែង​ចូលរួមយ៉ាងសកម្ម​ក្នុងការ​​លើកស្ទួយ​វិស័យ​កីឡាកម្ពុជា ដោយ​​បាន​ឧបត្ថម្ភ​ការរៀបចំ​ការ​ប្រកួតកីឡា​អុកខ្មែរ និង​ល្បុក្តតោ​នៅអង្គរសង្រ្កាន្ត ការប្រកួត​កីឡានានានៅ​ក្នុង​បុណ្យទន្លេ និង​បុណ្យសមុទ្រ និង​ការរៀបចំការ​ប្រកួត​កីឡា​ជាតិ​ចំ​នួន​បួន​លើក​ នៅឆ្នាំ​២០១៦ ២០១៨ ២០២០​ និង ២០២២ ការ​ប្រកួត​​ជម្រុះឆ្ពោះ​ទៅរក​ពាន​រង្វាន់បាល់​ទាត់​ពិភពលោក ការប្រកួត​បាល់​ទាត់​មិត្ត​ភាព​អន្តរជាតិ​ និង​ការ​ប្រកួត​កីឡា​គុនខ្មែរជាច្រើន​ជាទៀត៕