(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសជំហរគាំទ្រឱ្យមាន​ការស្រាវជ្រាវជាក់​លាក់មួយ ចំពោះករណីបំផ្ទុះគ្រាប់បែកគីមី នៅភាគពាយ័ព្យនៃ ប្រទេសស៊ីរី កាលពីដើមខែមេសា ដែលបណ្តាលឱ្យមនុស្សជិត​១០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងនោះក៏មានកុមារផងដែរ។

កាលពីដើមខែមេសា មានករណីបំផ្ទុះគ្រាប់បែកគីមីដ៏សាហាវមួយ ដែលបណ្តាលឱ្យពលរដ្ឋស៊ីរីប្រមាណ៨៧នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរី។ ករណីនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចង្អុលមុខរបបលោក បាហ្សា អាល់ អាស្សាដ ថាជាអ្នកបង្កើតឡើង ក៏ប៉ុន្តែទីក្រុងដាម៉ាស់ បានទាត់ចោលការចោទប្រកាន់នេះ រីឯសម្ព័ន្ធមិត្តរបស់ខ្លួនគឺទីក្រុងម៉ូស្គូ ក៏បានអះអាងដែរថា កងកម្លាំងស៊ីរីមិនបានប្រើប្រាស់ អាវុធគីមីឡើយ ហើយថាការវាយប្រហារនោះទៀតសោត បានបំផ្លាញឃ្លំាងស្ដុកអាវុធគីមីរបស់ពួកភេរវករទៅវិញ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU)  នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្នុងនាមជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ កម្ពុជាគាំទ្រឱ្យមានការស្រាវជ្រាវជាក់លាក់មួយ ចំពោះករណីបំផ្ទុះគ្រាប់បែកគីមី នៅប្រទេសស៊ីរីនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជា គាំទ្រឱ្យមានការស្រាវជ្រាវជាក់លាក់ មុននឹងធ្វើសកម្មភាព ឬធ្វើការសម្រេចចិត្តណាមួយ បើទោះបីជាកម្ពុជាមិនមែនជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខក៏ដោយចុះ ក៏ប៉ុន្តែកម្ពុជា ក៏ជាសមាជិកអង្គការសហប្រជាជាតិ ដែលមានការទទួលខុសត្រូវ»។

សម្តេចបានបន្ថែមថា អាវុធគីមីនេះ មិនច្បាស់ថានរណាជាអ្នកប្រើនោះទេ។ ព័ត៌មានខ្លះថា ជារបស់របបអាសាធ នៅដាម៉ាសជាអ្នកប្រើ ក៏ប៉ុន្តែមានព័ត៌មានខ្លះទៀតនិយាយថា កងទ័ពរបស់ស៊ីរីទម្លាក់គ្រាប់បែកមែន ក៏ប៉ុន្តែមិនមែនជាគ្រាប់បែកដែលមានជាតិគីមីនោះទេ តែទម្លាក់ត្រូវឃ្លាំងនៃអាវុធគីមីនៅតំបន់នោះតែម្តង៕

សូមស្តាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៖