(ភ្នំពេញ)៖ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​ថា ​សម្តេច​ពិតជា​រីករាយ ​បន្ទាប់ពី​បានឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ​បាន​ដើរលេង​ឆ្លង​ពី​ត​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​យ៉ាង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​។ ​សម្តេច​នាយក​រដ្ឋមន្រ្តី ​បាន​ថ្លែង​ថា ​ភាព​សប្បាយរីករាយ​នេះ ​បាន​កើតមាន​ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព ​និង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ជិត២ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃទី២០ ​ខែមេសា ​ឆ្នាំ២០១៧នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​រំលឹក​ថា ​ខែមេសា ​៤២ឆ្នាំមុន ​ជា​ពេលវេលា​បន​ប្រល័យ​ពូជសាសន៍ ​ប៉ុល ​ព​ត ​ឡើង​កាន់កាប់​ប្រទេស​នោះ ​គឺជា​ពេលវេលា​ដ៏​សែន​វេទនា ​និង​ជា​សោកនាដកម្ម​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​ត្រូវ​ជម្លៀស​ចេញពី​រាជធានី​ភ្នំពេញ​។ ​សម្តេច​តេជោ​ថា ​ភាព​វេទនា ​និង​សោកនាដកម្ម​នៃ​ភ្លើង​សង្រ្គាម ​បាន​ផ្តើម​ចេញពី​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​ខុសច្បាប់ ​របស់​លោក​សេនាប្រមុខ ​លន់ ​នល់ ​និង​បក្ខពួក​ទម្លាក់​សម្តេច ​នរោត្តម ​សីហនុ ​ចេញពី​ព្រះប្រមុខរដ្ឋ​នៅ​ថ្ងៃទី១៨ ​ខែមីនា ​ឆ្នាំ១៩៧០​។

សម្តេច​នាយក​រដ្ឋមន្រ្តី ​បាន​គូសបញ្ជាក់​ថា ​៤២ឆ្នាំមុន ​និង៤២ឆ្នាំក្រោយ​នេះ ​គឺ​មានការ​ខុសគ្នា​ដាច់​ស្រឡះ ​ពោល ​៤២ឆ្នាំក្រោយ​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើដំណើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នៅ​ទូទាំង​ប្រទេស​។

ជាមួយនឹង​ភាព​សប្បាយរីករាយ ​ដែល​កំពុង​កើតមាន​លើ​ផ្ទៃ​ប្រទេស​កម្ពុជាក្រោម​ដំបូល​សុខ​សន្តិភាព​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​ថែរក្សា​សុខ​សន្តិភាព ​និង​សមិទ្ធ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​។​

«​សង្ឃឹមថា ​យើង​ទាំងអស់គ្នា​ខិតខំ​ថែទាំ​នូវ​សន្តិភាព ​ខិតខំ​ថែ​ទាំង​នូវ​សមិទ្ធផល ​ដែល​យើង​សម្រេច​បាន​ដោយ​លំបាក ​ដើម្បី​ធានា​បាន​នូវ​ការលូតលាស់​របស់​ប្រទេស​យើង ​តទៅទៀត ​ក្នុង​គោលដៅ​រក្សា​កំណើន​សេដ្ឋកិច្ច ​៧ភាគរយ​ក្នុង​មួយឆ្នាំ​»​។ ​នេះ​ជា​ការ​ថ្លែង​អំពាវនាវ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏បាន​គូសបញ្ជាក់​ដែរ​ថា ​សមិទ្ធផល​ដែល​កម្ពុជា​កំពុង​ទទួល​បាន ​រួម​ទាំង​ភាព​សប្បាយរីករាយ​របស់​ប្រជាពលរដ្ឋ​នេះ ​គឺ​បាន​កើត​ចេញពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ ​ ​

សម្តេច​នាយក​រដ្ឋមន្រ្តី ​បាន​ថ្លែង​ថា ​ព្រោះតែ​ការ​ដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ​នេះ​ហើយ ​ធ្វើឲ្យ​កម្ពុជា​កសាង​ប្រព័ន្ធ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ចេញពី​ខេត្ត​មួយ ​ឆ្ពោះទៅ​ខេត្ត​មួយទៀត ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ ​ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​បក​ក្រោយ​នោះ​ឡើយ​។ ​សម្តេច​តេជោ ​ក៏បាន​គូសបញ្ជាក់​ដែរ​ថា ​នៅសល់​តែ​ផ្លូវ​មួយ​ខ្សែ​ទៀត​ប៉ុណ្ណោះ ​នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ជុំវិញ​ផ្ទៃ​ប្រទេស​តែម្តង​។ ​ផ្លូវ​មួយ​ខ្សែ​នោះ ​គឺ​ផ្លូវ​តភ្ជាប់​ពី​សំឡូត ​ខេត្តបាត់ដំបង ​ភ្ជាប់​ទៅ​ថ្មដា ​ខេត្តពោធិ៍សាត់ ​ហើយ​ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​។

បើ​តាម​សម្តេច​ផ្លូវ​មួយ​នេះ ​គឺ​បាន​សិក្សា​គម្រោង​រួចរាល់ ​និង​ដាក់​ចូលក្នុង​ផែនការ​អភិវឌ្ឍន៍​រួចរាល់​ហើយ ​នៅ​ខ្វះតែ​ថវិកា​ប៉ុណ្ណោះ​។​

យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បាន​ឲ្យដឹង​ថា ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចេញទៅ​លេងកម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​សរុប​ជាង ​៤លាន​នាក់ ​និង​បាន​ចំណាយ​ថវិកា​រហូតដល់​ជាង ​២០០លាន​ដុល្លារ​អាមេរិក​។

​ដើម្បី​ញ៉ាំង​ឲ្យ​បរិយាកាស​សប្បាយរីករាយ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នា​ព្រឹកមិញ​នេះ ​ក៏បាន​អំពាវនាវ​ឲ្យ​រៀបចំ​ធ្វើ​កម្មវិធី​សង្រ្កាន្ត​ឲ្យបាន​គ្រប់​ខេត្ត​នៅ​ឆ្នាំក្រោយ​។ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ដល់​កងកម្លាំង​សមត្ថកិច្ច ​និង​អាជ្ញាធរ​ទាំងអស់ ​តែ​បាន​ប្រឹងប្រែង​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បង្ក​លក្ខណៈ​ឲ្យ​ពួកគាត់​បាន​ដើរលេង​យ៉ាង​សប្បាយរីករាយ​៕​

​សូម​ស្តាប់​ប្រសាសន៍ ​សម្តេច​តេជោ ​ហ៊ុន ​សែន៖