(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងបង្កើតកម្មវិធីប្រកួតប្រជែងមួយ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សនៅកម្ពុជា បានបញ្ចញទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ក្រោមប្រធានបទ «ដើម្បីសង្គមជាតិ-យើងអាចធ្វើបាន» ដែលមានការទាក់ទងទៅនឹងការងារមនុស្សធម៌ជួយសង្គម។

កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងតាមរយៈការបង្កើត និងអនុវត្តគម្រោង ដែលកម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានា នៅកម្ពុជា អាចបញ្ចញទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្សេងៗ ជាពិសេសការរៀនធ្វើការងារជាក្រុម ដើម្បីជួយសង្គមជាតិ ដែលមានការចូលរួមផ្ដួចផ្ដើមគំនិត និងរៀបចំដោយក្រុមយុវជន «ចិត្តដូចគ្នា» និងក្រុមយុវជន You & I។

យុវជនដែលចូលរួមមានឱកាសទទួលបានការបណ្តុះបណ្តាលផ្សេងៗ ទាក់ទងនឹងការគ្រប់គ្រងគម្រោង ការកសាងក្រុមការងារ វិធីសាស្រ្តក្នុងការទំនាក់ទំនងជាមួយសាធារណៈ និងចំណេះដឹងផ្សេងៗទៀត សម្រាប់ការបណ្តុះស្មារតី និងចំណេះដឹង។

នេះគឺជាឱកាសរបស់យុវជន ដើម្បីចូលរួមចំណែកជួយដល់សង្គម តាមរយៈគម្រោងរបស់ខ្លួន និងរៀនសូត្របន្ថែមលើការធ្វើការងារជាក្រុម។

សូមទៅទទួលពាក្យសុំចូលរួមប្រកួត នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអាសយដ្ឋានផ្ទះលេខ២៤ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា តទៅ។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរស័ព្ទលេខ៖ 023 21 40 20 / 096 58 16 400
E-mail៖ [email protected]
Facebook Page៖ @oneheartcambodia៕