(ភ្នំពេញ)៖ របាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារ ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ ដែលបន្លំចូលពន្ធនាគារ ត្រូវបានបញ្ជូន ទៅដល់ក្រសួងមហាផ្ទៃហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ហើយលទ្ធផលនៃការសម្រេចរបស់ក្រសួងមហាផ្ទៃ អាចនឹងបង្ហាញនៅថ្ងៃស្អែក។ នេះបើតាមការបង្ហើបពីមន្រ្តីជាន់ខ្ពស់ របស់ក្រសួងមហាផ្ទៃ។

បើតាមការបង្ហើបរបស់មន្រ្តីក្រសួងមហាផ្ទៃ​,  របាយការណ៍ និងឯកសារច្បាប់នោះ មានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូន សម្តេចក្រឡាហោម ស ខេង ជាអ្នកសម្រេច ដោយក្នុងនោះមានការស្នើកុំឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខ សកម្មជន របស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការ ផ្លូវច្បាប់មួយ ចំពោះករណីនេះ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានចាត់ទុកថា ការបន្លំសមត្ថកិច្ច ដើម្បីចូលទៅពន្ធនាគារបែបនេះគឺជារឿង អសីលធម៌។ ជាមួយគ្នានេះ  លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយ ដើម្បីបានចូលក្នុង ពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ៕