(ឧត្តរមានជ័យ)​៖ នៅព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ​​មាន​ខ្យល់កន្ត្រាក់មួយប្រាវ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ​ចំនួន​០២ភូមិ នៅក្នុងឃុំបេង ស្រុកបន្ទាយអំពិល សរុបផ្ទះ​០៧​ខ្នង ក្នុងនោះលោតទម្លាក់ពីជើងតាងចំនួន​​០២​ខ្នង ផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីខាងលើនេះ ទី១៖នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ផ្ទះរងគ្រោះ​​ឈ្មោះ កែវ រីម អាយុ​៧០​ឆ្នាំ របើកដំបូលស័ង្កសីចំនួន​០៦​សន្លឹក ផ្ទះទំហំ ៦ម៉ែត្រ គុណ១១​ម៉ែត្រ, ​ឈ្មោះ ប្រាក់ ហេង អាយុ​២៦​ឆ្នាំ របើកដំបូលស័ង្កសី ចំនួន០៤​សន្លឹក ផ្ទះទំហំ ៥ម៉ែត្រ គុណ៦​ម៉ែត្រ, ​ឈ្មោះ ប្រុក ទៀង អាយុ​៥៦​ឆ្នាំ របើកដំបូលស័ង្កសី ​ចំនួន​០៦​សន្លឹក រោងទុកត្រាក់ទ័រទំហំ ៩ម៉ែត្រ គុណ​១០​ម៉ែត្រ, ​ឈ្មោះ​ សន មួត អាយុ​៤៣​ឆ្នាំ របើកដំបូលស័ង្កសី ចំនួន​០៧​សន្លឹក ផ្ទះទំហំ ៤ម៉ែត្រ គុណ៧​ម៉ែត្រ, ឈ្មោះ ហ៊ុយ ហូរ អាយុ៤៨​ឆ្នាំ មែកឈើបាក់សង្កត់ដំបូល ផ្ទះទំហំ ៥ម៉ែត្រ គុណ៦​ម៉ែត្រ។

ដោយឡែកនៅភូមិសំរោងទាប ឃុំបេង ស្រុកបន្ទាយអំពិល ផ្ទះរងគ្រោះ​ឈ្មោះ ហង្ស នាយ ​អាយុ​៣៩ឆ្នាំ លោតទម្លាក់ពីជើងតាង ផ្ទះទំហំ៦ម៉ែត្រ គុណ​៧​ម៉ែត្រ និងឈ្មោះ សោយ បាក់​ អាយុ៣៨ឆ្នាំ លោតទម្លាក់ពីជើងតាង ផ្ទះទំហំ៥ម៉ែត្រ គុណ​៦ម៉ែត្រ។

សូមបញ្ជាក់ថា លុះព្រឹកថ្ងៃទី២១ ខែមេសា​នេះ ​អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ចុះជួយរុះរើផ្ទះពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដើម្បីរកកន្លែងស្នាក់នៅបណ្ដោះអាសន្នសិន៕