(ភ្នំពេញ)៖ ធនគារឯកទេសវីង ខេមបូឌា លីមីតធីត បានដាក់ដំណើរការ កិច្ចសហការជាផ្លូវការ លើសេវាវេរប្រាក់អន្តរជាតិ ពីក្រៅប្រទេសជាមួយក្រមហ៊ុន ត្រាងក្លូ (Tranglo) ដែលជាក្រុមហ៊ុន ផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេ នៅលើពិភពលោក ខាងផ្នែកសេវាផ្ទេរប្រាក់ និងបង់វិក្កយបត្រ។

ដើម្បីផ្តល់ភាពងាយស្រួល ជូនដល់ប្រជាជនកម្ពុជា ក្នុងការទទួលប្រាក់ពីមនុស្សជាទីស្រឡាញ់ ឬមិត្តភ័ត្តពីក្រៅប្រទេស​ដោយផ្ទាល់ តាមគណនីវីង ឬដកជាសាច់ប្រាក់ពីភ្នាក់ងារ វីង។

កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យពលករកម្ពុជា​នៅប្រទេស ម៉ាឡេស៊ី សិង្ហបុរី អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសារ​របស់ពួកគេ ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ជំនួសឲ្យការផ្ញើប្រាក់តាមវិធីសាស្រ្ត​ផ្សេងៗ ដែលត្រូវចំណាយពេល​វេលាយូរ ក្នុងការតម្រង់ជួរនៅធនាគារ ដើម្បីផ្ញើប្រាក់មកកាន់ក្រុមគ្រួសារ របស់ពួកគេនៅកម្ពុជា។ ឥឡូវនេះជាមួយនឹង  ​​ក្រុមហ៊ុន​ ត្រាងក្លូ អតិថិជនអាចផ្ញើប្រាក់ មកកាន់គ្រួសាររបស់គេនៅកម្ពុជា តាមរយៈគណនីវីង ​ឬដកសាច់ប្រាក់នៅតាម​ភ្នាក់ងារវីង គ្រប់ទីកន្លែងទូទំាងប្រទេស។ សេវាកម្មនេះ និងមានផ្តល់ជូនដល់ប្រទេសផ្សេងៗទៀត ដូចជាកូរ៉េខាងត្បូងជាដើម។

យោងតាមប្រសាសន៍របស់​លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេស វីង បានឲ្យដឹងថា «ក្នុងការចាប់ដៃគូ​ដ៏សំខាន់នេះ យើងមានបំណង ដើម្បីបំពេញនូវតម្រូវការ ប្រជាជនកម្ពុជា ដែលរស់នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើការផ្ទេរប្រាក់​ បានកាន់តែងាយ​ស្រួល រហ័ស និងមានសុវត្ថិភាព។ ទំាងនេះ គឺធានាបានថា ការខំប្រឹងប្រែងរក​កម្រៃរបស់ពួកគាត់ គឺអាចទៅដល់ដៃក្រុមគ្រួសាររបស់ពួកគេ បានកាន់តែលឿនជាងមុន ។

ដោយឡែក វីង នឹងបន្តពង្រីកបណ្តាញផ្តល់សេវាកម្ម ផ្ទេរប្រាក់ពី​ក្រៅប្រទេស ឲ្យកាន់តែច្រើន ដើម្បីផ្តល់សេវាប្រកបដោយ​ទំនុកចិត្ត សម្រាប់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្រៅប្រទេស ហើយត្រូវការផ្ទេរប្រាក់មកកម្ពុជា បានគ្រប់​ពេលវេលា គ្រប់ទីកន្លែង។ ឥឡូវនេះ ជាមួយនឹងសេវាផ្ទេរប្រាក់ពីក្រៅប្រទេស ពលករកម្ពុជា ដែលនៅក្រៅប្រទេសអាច​ផ្ញើប្រាក់​បាន ១,០០០ ដុល្លារ ក្នុងមួយប្រតិបត្តិការ និង៣,០០០ ដុល្លារ ក្នុងមួយថ្ងៃ។ អ្នកទទួលប្រាក់នឹងទទួលបាន សារ SMS​ ភ្លាមៗ នៅក្នុងទូរស័ព្ទដៃរបស់ពួកគេ សម្រាប់អតិថិជនប្រើប្រាស់​គណនីវីង និងអតិថិជន មិនប្រើប្រាស់គណនីវីង។

ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកផ្ញើ ត្រូវវេរលុយតាមរយៈដៃគូរបស់ ត្រាងក្លូ ដូចជា​ (MaxMoney , GPL remittance, Incentive Remit, Unique Change, Akbar Remittance, and GPL remittance) រីឯអ្នកទទួលនៅក្នុងប្រទេសកម្ពុជា អាចទទួលបា្រក់បាន​ដោយផ្ទាល់ តាម​រយៈគណនីវីង ឬទៅដកយកសាច់ប្រាក់ នៅតាមភ្នាក់ងាវីងនៅទូទំាងប្រទេស។

ចាប់តាំងពីបើកដំណើរការ ជាផ្លូវការក្នុងឆ្នាំ២០០៩  ធនាគារឯកទេស វីង បានបង្កើតនូវបច្ចេកវិទ្យាថ្មីៗ​ជាច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការផ្ទេរ​ប្រាក់កាន់តែ មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព សម្រាប់បម្រើតម្រូវការប្រជាជន​កម្ពុជា។ តាមរយៈផលិតផល និងសេវាកម្មរបស់​ វីង អតិថិជនអាចធ្វើការផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ (ការប្រើប្រាស់កាតវីង ដើម្បីទូទាត់ប្រាក់) និងការទូទាត់តាមអនឡាញ បានដោយងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingmoney.com ឬក៏ទំនាក់ទំនងមកកាន់លេខ 012 999 489/023 999 989៕