(កូរ៉េខាងត្បូង)៖ នៅពេលដ៏ខ្លីខាងមុខនេះ បងប្អូនពលករខ្មែរបម្រើការងារ នៅលើកោះជេជូ ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានមជ្ឈមណ្ឌល គាំពារ​ពលករ​បរទេស ដូចបណ្ដាពលករ នៅតំបន់ផ្សេងៗទៀត។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅ​លើកោះមួយនេះ។

ការសម្រេចបែបនេះ បានធ្វើឡើងក្រោយពី លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ជាមួយនឹងបណ្ដាអង្គទូតទាំង១៦ នៃប្រទេសដែលបញ្ជូនពលករ មកបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយ ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូ ក្នុងកិច្ចប្រជុំ «EPS Conference in JeJu 2017» នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

មន្រ្តីស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា «ឆ្លើយតបនឹងសំណូមពរ​របស់ភាគីកម្ពុជា នៅក្នុងកិច្ចកប្រជុំនោះ អភិបាលខេត្តសម្រេចបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ក្នុងរយៈពេលដ៏ខ្លី ខាងមុខ ចំពោះថ្នាក់ដឹកនាំ អង្គភាពអភិវឌ្ឍនធនធានមនុស្ស នឹងនាំយកសំណូមពរទាំងអស់ ទៅប្រជុំពិភាក្សា បន្ដដើម្បីស្វែងរកដំណោះស្រាយរួមជូន ពលករបរទេសទាំងអស់»។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជា និងភាគីកូរ៉េ បានពិភាក្សាពីបញ្ហាប្រឈម ដែលកង្វល់របស់ពលករបរទេសទាំងអស់ ដើម្បីឈានទៅ​រកពង្រឹង​យន្ដការគ្រប់គ្រង ពលករឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងពលកររបស់ប្រទេសនិមួយៗ។

សម្រាប់កម្ពុជា បានលើកឡើងនូវសំណូមពរ៥ចំណុចសំខាន់ៗ ដល់ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូរួមមាន៖

១-ស្នើសុំឲ្យបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ដោយសារមជ្ឈមណ្ឌលនេះ មានសារសំខាន់ណាស់សម្រាប់ជួយគាំពារសិទ្ធិពលករ
២-ស្នើសុំ និងលើកទឹកចិត្តដល់នយោជកឲ្យគោរពតាមកិច្ចសន្យាការងារជាមួយនឹងពលករ
៣-ស្នើសុំផ្ដល់កូតាដល់ពលករកម្ពុជា ដើម្បីមកបម្រើការលើវិស័យសេវាកម្មនៅសាធារណរដ្ឋកូរ៉េ
៤-ស្នើសុំបង្កើតផ្ទះស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពលករ ក្នុងអំឡុងពេលដែលផ្លាស់ប្ដូរការងារអត់កន្លែងស្នាក់នៅ
៥-ស្នើសុំពង្រឹងអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងកសិដ្ឋាន៕