(កំពង់ចាម)៖ ក្រោយផ្ដល់ការគាំទ្រពេញទំហឹង និងបោះឆ្នោតឲ្យជាប់ជាមេឃុំស្វាយសាច់ភ្នំ​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម នៅអាណត្តិមុននោះ លោកមេឃុំរបស់គណបក្សសិទ្ធិមនុស្ស បែរជាមិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដូចការសន្យារបស់ខ្លួនទៅវិញ ទុកឲ្យប្រជាពលរដ្ឋ រងទុក្ខលំបាកសឹងគ្រប់គ្នា និងរងការខកចិត្តយ៉ាងខ្លាំង។

ទុក្ខលំបាកវេទនា និងការខកចិត្តទាំងនេះ ត្រូវបានប្រជាពលរដ្ឋត្អូញត្អែរប្រាប់ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ គឺលោក គួច ចំរើន ខណៈលោកចុះជួបសំណេះសំណាល និងនាំអំណោយជាច្រើន ចែកជូនពួកគាត់ដល់មូលដ្ឋាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧​ ដែលសន្ដានចិត្តយកចិត្តទុកដាក់ និងអំណោយទាំងនេះ មិនមានការសន្យាបន្តិចណាឡើយ។

នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយសាច់ភ្នំ បានលើកឡើងថា តាមកម្មវិធីនយោបាយរបស់គណបក្សសិទ្ធិមនុស្ស​ (បច្ចុប្បន្នគណបក្សសង្គ្រោះជាតិ)​ គេបានសន្យាយ៉ាងច្បាស់ថា​ បើបក្សគេឈ្នះឆ្នោតមេឃុំ គេនឹងផ្ដល់រថយន្តពេទ្យ​សម្រាប់ដឹកអ្នកជំងឺ​, បញ្ជូនមេឃុំជាប់ឆ្នោតឲ្យទៅរៀនសូត្រ​ នៅសហរដ្ឋអាមេរិក​ ឬក៏សហភាពអឺរ៉ុប ចំណែកលោកយាយលោកតា អាយុ៦៥ឆ្នាំឡើងទៅ​ គេនឹងផ្ដល់ថវិកាជូន ១០ដុល្លារក្នុងមួយខែ និងការសន្យាមួយចំនួនទៀត។​

ប៉ុន្តែការសន្យាទាំងនោះ មិនបានចេញជារូបរាងស្ដែងឲ្យឃើញជាក់លាក់បន្តិចណាសោះ អ្វីដែលប្រជាពលរដ្ឋទទួលបាននោះ គឺការសន្យាខ្យល់គ្មានន័យ គ្មានបានជាដុំកំភួនបន្តិចណាឡើយ ដោយពួកគាត់បានលើកឡើងថា៖

*រថយន្តពេទ្យដែលគេបានសន្យានោះ​ គេបានទិញរថយន្តដឹកទំនិញ​កញ្ចាស់១គ្រឿង យកមកលាបថ្នាំ​ ពីដំបូងមានប្រជាជនធ្លាប់បានទៅរករថយន្តនោះ ដើម្បីដឹកអ្នកជំងឺដែរ​ តែពេលទៅដល់​លោកមេឃុំស្វាយសាច់ភ្នំ ហង់​ រឿន​ ប្រាប់ថា អត់អ្នកបើក​ ពលរដ្ឋខំរត់ទៅរកអ្នកបើក បែរជាមេឃុំថា អត់ប្រេងចាក់​ ពលរដ្ឋក៏យកប្រេងទៅចាក់ទៀត​ បែរជារថយន្តអត់ឆេះ​ ឡានអត់ឆេះ​ ប្រជាជននាំគ្នារុញឡាន ឆ្កែព្រូសពេញភូមិ​ ឡាននៅតែអត់ឆេះ​ ។ ដោយខកចិត្តនឹងលោកមេឃុំ ចុងក្រោយ ប្រជាពលរដ្ឋក៏រកមធ្យោបាយផ្សេង នាំអ្នកជំងឺទៅពេទ្យដោយខ្លួនឯងដដែល​ ខាតពេលវេលា​ អស់ទាំងប្រេងថែមទៀត​។ បច្ចុប្បន្ន រថយន្តនោះទុកចោលដូចអេតចាយ។​

* លោកមេឃុំនេះ មិនដែលបានទៅបរទេសរៀនសូត្រ តាមការសន្យារបស់ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា នោះទេ​ ហើយពេលប្រជាជនទៅស្នើសុំ​គាត់តែងតែឆ្លើយថា «ចាំសិក្សាសិន» រហូតចប់អាណត្តិទី៣នេះ​ អត់ដដែល។

* ពេលប្រជាជនមានវិវាទ រត់ទៅរកមេឃុំឲ្យជួយដោះស្រាយ​ គាត់តែងតែគេចវេសរហូត​ មិនព្រមជួយដោះស្រាយជូនប្រជាពលរដ្ឋឡើយ​ រួចទៅញុះញង់ភាគីម្ខាងៗ ឲ្យធ្វើពួកគេកាន់តែក្ដៅក្រហាយថែមទៀត​។ លោក​មេឃុំរូបនេះ ក៏បានចុះហត្ថលេខាឲ្យឈ្មួញលក់ទឹក ក្នុងតម្លៃថ្លៃឲ្យប្រជាពលរដ្ឋក្នុងឃុំថែមទៀត។

* ចំពោះលុយ​១០ដុល្លារ​ ដែលសន្យាជូនលោកយាយលោកតា​នោះ រហូតមកដល់ពេលនេះហើយ មិនដែលឃើញនោះទេ។ មិនតែប៉ុណ្ណោះ ឃុំស្វាយសាច់ភ្នំនេះ មានការអភិវឌ្ឍតិចតួចណាស់​ ហើយកើតមានជម្លោះច្រើនទៀត​ ដូចជា៖ សង់ផ្ទះលើផ្លូវ​ ធ្វើរបងបិទផ្លូវជាដើម។

ក្នុងការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧​ ខាងមុខ​ លោកមេឃុំរូបនេះ​ ក៏បានឈរឈ្មោះឲ្យបក្សសង្គ្រោះជាតិទៀត តែប្រជាពលរដ្ឋអស់ជំនឿទុកចិត្តលើរូបលោកហើយ ស្បត់មិនបោះឆ្នោតឲ្យទៀតទេ។

ក្រោយពីបានស្ដាប់ការទុក្ខលំបាករបស់ប្រជាពលរដ្ឋហើយ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្រីសន្ធរនោះ មានការសោកស្ដាយយ៉ាងខ្លាំង និងបានណែនាំឲ្យប្រជាពលរដ្ឋ គប្បីគិតគូឲ្យបានច្បាស់លាស់ មុននឹងបោះឆ្នោត ជ្រើសរើសមេឃុំរបស់ខ្លួន នៅអាណត្តិថ្មីខាងមុខ ដើម្បីចៀសវាងទុកលំបាកខ្លាំងដូចអាណត្តិមុនៗ៕