(សៀមរាប)៖ ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ អគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម, មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន​ដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ​ផ្សព្វផ្សាយ អំពីគុណភាព ​សុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារកំពង់ក្តី និងនៅតាមផ្ទះជុំវិញ​​ផ្សារកំពង់ក្តី ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប​។

ក្នុងប្រតិបត្តិការនេះ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន​រួមមាន៖ អំបិល សរសៃគុយទាវ និង​សាច់ក្រក ប្រហុក ស្ករត្នោត សណ្តែកបណ្តុះ ​ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិល ជាអំបិលមានអ៊ីយ៉ូតល្អ ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា​Salicylic Acid, Sodium Hydrosulfite និង​Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង ​ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួន​នោះ មន្ដ្រីជំនាញ​ពិនិត្យឃើញមានផលិតផលមួយចំនួនច្រែះស៊ុ ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបាន​ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ​។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានទិញយកគំរូ នៃផលិតផលម្ហូបអាហារ ចំនួន៣៨មុខ ដែលមានដូចជា ស្លឹកគ្រៃហាន់រួច ខ្ញីហាន់រួច ស្ករត្នោត សាច់ជ្រូក ថ្លើមជ្រូក ក្រលៀនជ្រូក សាច់គោ ថ្លើមគោ សាច់មាន់ បន្លែ ផ្លែឈើ ។ល។ បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ជាបន្តទៀត។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏​បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

សូមបញ្ជាក់ថា ​ដោយមានការណែនាំពី​លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕