(ភ្នំពេញ)៖ យោងតាមការសិក្សារបស់អង្គការស្បៀងអាហារ និងកសិកម្ម អង្គការសហប្រជាជាតិ បានរកឃើញថា ក្នុង១ឆ្នាំៗ បន្លែប្រមាណជិត១លានតោន ត្រូវបាននាំយកមកផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះការនាំចូលបន្លែពីបរទេស ពិសេសប្រទេសវៀតណាម និងថៃ មានជាងពាក់កណ្ដាកនៃបន្លែសរុប។
ការបង្ហាញរបាយការណ៍ នៃបរិមាណតម្រូវការបន្លែ នៅក្នុងទីផ្សាររបស់កម្ពុជានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការលើកកម្ពស់ សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារកម្ពុជា » ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។
របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញថា «បរិមាណបន្លែដែលផ្គត់ផ្គង់នៅកម្ពុជា មានចំនួន០.៩លានតោន ដែលក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់ក្នុងស្រុកត្រឹមតែ៤៤%ប៉ុណ្ណោះ ខណៈឯការនាំចូលមានរហូតដល់៥៦%»។
របាយការណ៍ដាច់ដោយឡែកមួយទៀត បានបញ្ជាក់ផងដែរថា បរិមាណបន្លែដែលកំពុងផ្គត់ផ្គង់ ដោយប្រទេសជិតខាង មកកាន់រាជធានីភ្នំពេញ គឺមានរហូតដល់ប្រមាណ២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃៗ។
បើយោងតាមបទបង្ហាញរបស់ លោក ហូ ពុទ្ធា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានបញ្ជាក់ថា ប្រភពបន្លែនាំចូលពីខាងក្រៅរួមមាន៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន។ បន្លែដែលនាំចូលមានប្រភេទដូចជា៖ ការ៉ុត ខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្ដោប ស្ពៃបូកគោ ម្ទេសហាវៃ ខ្ទឹមស-ក្រហម និងដំឡូងបារាំង។
បទបង្ហាញរបស់លោក ហូ ពុទ្ធា បានលើកឡើងថា បន្លែត្រូវបាននាំចូលមានច្រើន ចាប់ពីខែមេសា ដល់ខែតុលា ចំពេលអាកាសធាតុ នៅកម្ពុជាក្ដៅខ្លាំង និងរងទឹកជំនន់ជោរជន់ខ្លាំង ហើយ ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ការនាំចូលមានការធ្លាក់ចុះច្រើន ពិសេសប្រភេទ បន្លែយកស្លឹក ខណៈការនាំចូលសំដៅ មករាជធានីភ្នំពេញ ពិសេសផ្សារដើមគរ និងផ្សារនាគមាស ហើយត្រូវបានចែកចាយបន្ត ទៅបណ្ដាលខេត្តផ្សេងៗទៀត៕