(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុងព្រះសីហនុ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលលេខ៤ បានតាមចាប់មេក្លោងចោរគាស់ផ្ទះម្នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងកក្រើក លួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឲ្យមានការព្រួយបារម្ភនាពេល កន្លងមក។

លោកឧត្តសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង កាលពីយប់មិញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានឲ្យដឹងថា ​ជនសង្ស័យដែលនគរបាលចាប់បាននេះ ឈ្មោះ សៀន ណាក់ ​អាយុ​២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ​ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។ ​បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចូលផ្ទះ យកសម្ភារៈរបស់ប្រជាពលរដ្ឋបានចំនួន​០៦លើក​៖

លើកទី១៖ នៅថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៧​ បានចូលទៅក្នុងផ្ទះរបស់ជនបរទេស នៅចំណុចបុរី​ប៊ីអេស ស្ថិតនៅក្នុងក្រុមទី​១៧ ភូមិ​៤ សង្កាត់លេខ​៤ លួចយកបាន iPad០១គ្រឿង ពណ៌ទឹកប្រាក់ និងលុយចំនួន​២០​ដុល្លារ ​ហើយយក​ទៅលក់នៅខេត្តកំពត បានលុយ​៩០ដុល្លា​រ។

លើកទី២៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅក្នុងផ្ទះមួយតាមបង្អួចចំហ នៅចំណុចបុរី​ប៊ីអេស ដដែល ​តែលួចមិនបានសំរេច។

លើកទី៣៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅលួចនៅបុរី​ប៊ីអេស បានធ្វើសកម្មភាពចូលលួចតាមបង្អួច ដែលមិនបានចាក់កន្លឹះយកបាន iPad០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង ​លុយ​៣៥០,០០០រៀល និងក្រវិលពេជ្រមួយគូរ ហើយទូរស័ព្ទដៃ យកទៅលក់នៅផ្សារលើ បានលុយ​៤០ដុល្លា ចំណែកiPad លក់នៅផ្សារបន្ទាយមាស បានតម្លៃ​៥០ដុល្លារ រីឯក្រវិលពេជ្រ បានផ្ញើរទៅសង្សា​ដែលធ្វើការនៅហាងខារ៉ាអូរខេ ឈ្មោះ លីន ស៊ីណា។

លើកទី៤៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានលួចចូលទៅក្នុងផ្ទះជនជាតិបារាំងមួយកន្លែង នៅកាហ្វេលើភ្នំ ស្ថិតនៅក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ធ្វើសកម្មភាពចូលតាមទ្វារដោយម្ចាស់មិនបានចាក់កន្លឹះ លួចបានLabtop ចំនួន​០២​គ្រឿង យកទៅលក់បាននៅផ្សារលើ តម្លៃសរុប​១៨០​ដុល្លារ។

លើកទី៥៖ ដោយមិនបានចាំថ្ងៃ​ នៅផ្ទះជនបរទេសមួយ ស្ថិតនៅភូមិ​៥ សង្កាត់​៤ លួចបានទូរស័ព្ទដៃ​អិនចុចពិល ចំនួន​០២​គ្រឿង និងiPhone០១​គ្រឿង ហើយបានលក់ទៅឲ្យមិត្តជិតផ្ទះនៅស្រុកជាមួយ ក្នុងតំម្លៃ​៦០​ដុល្លារ​​ និងលើកទី៦៖ ក្នុងខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ខ្លួនបានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះ ចូលលួចសម្ភារៈបានរួមមាន ខ្សែករ ចំនួន​០១​ខ្សែ កងដៃ​ចំនួន​០២ ចិញ្ជៀន​ចំនួន​០២​វង់ ខ្សែជើង​ចំនួន​០២​​ ខ្សែដៃក្មេងប្រុស​០១​ខ្សែ និងប្លង់ដីចំនួន​០១ តែបានបោះចោលនៅកន្លែងធ្វើសកម្មភាព។

ដោយឡែក ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ជំនាញដកហូតបានវត្ថុតាងដូចជា ​កុំព្យូទ័រយួរដែ ចំនួន​០៣ គ្រឿង (ម៉ាក Macbook Pro ចំនួន​០១​គ្រឿង, ​ម៉ាក​Dellចំនួន​០១​គ្រឿង និង​ម៉ាក​Toshiba ​ចំនួន​០១​គ្រឿង), -iPad​ចំនួន​០៣​គ្រឿង (ម៉ាក iPad mini ចំនួន​០១​គ្រឿង​, ម៉ាក iPad2 ចំនួន​០១​គ្រឿង និងSurface​ចំនួន​០១​គ្រឿង), ទូរស័ព្ទដៃ iPhone7​ ចំនួន​០១​គ្រឿង, ទូរស័ព្ទដៃ​ម៉ាក សាមសុង ចំនួន​០១​គ្រឿង​, ខ្សែករ ចំនួន​០១​ខ្សែ បណ្តោង​គុជ​​០១, ម៉ូតូ​០១​គ្រឿង ម៉ាក​អ៊ែប្លេក ឆ្នាំ២០១៤​ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕