(កំពង់ស្ពឺ)៖ លោក យន់ យ័ន ជាសកម្មជនឆ្នើមរបស់គណបក្សសង្គ្រោះជាតិ​ស្រុកឪរ៉ាល់ និងមានគ្នី​គ្នាជាច្រើនទៀត ដែល​តែងតែគាំទ្របក្សនោះតាមរយៈគាត់ជាជំទប់ទី​២ បាន​សុំចូលមករួមរស់ជាមួយគណបក្សប្រជាជន ដែលជាបក្សកំពុងកាន់អំណាច ដោយពួកគាត់យល់ថាCNRP បានធ្វើការគៀបសង្កត់ដល់ពួកគាត់យ៉ាងខ្លាំង។

លោក យន់ យ័ន បានបញ្ជាក់ថា ឥឡូវអ្នកទាំងនោះ ក៏ដូចជារូបគាត់គឺឆ្អែតចិត្ត នឹងចាប់ផ្តើមលើកយកការពិតមក និយាយថាបោកប្រាស់ ភូតកុហក់ ក្បត់គ្នា ដោយសារតែប្រយោជន៍បុគ្គល និងការប្រើប្រាស់អំណាចបន្តិចបន្តួចគៀបសង្កត់គ្នា រកទុកចិត្តមិនបាន ចុះទម្រាំបើមានអំណាច មិនដឹងថាមានរឿងអ្វីកើតឡើងទៀតទៅ។

ហេតុដូច្នេះហើយ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ​បាន​​ជួបសំណេះសំណាលជាមួយ លោក យន់ យ័ន មេក្រុមសកម្មជនគណបក្សសង្រ្គោះជាតិ ប្រចាំស្រុកឱរ៉ាល់ និងជាជំទប់ទី២ ដែលស្ម័គ្រចិត្ត មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

យ៉ាងណាមិញ លោក យន់ យ័ន បានសន្យាថា នឹងបបួលសមាជិកផ្សេងៗទៀត ដែលគាំទ្របក្សប្រឆាំងតាមរយៈគាត់មកចូលរួម និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត ហើយគាត់សន្យាថា មិនវិលចូលទៅក្នុងបក្សដែលគាត់ចាកចេញនោះវិញជាដាច់ខាត ដោយតែឆ្អែតចិត្តហួសនិស្ស័យ មិនរកអ្វីមកផ្ទឹមបាន៕