(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង ដឹកនាំដោយ លោក ហ៊ុយ ភារម្យ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​​២០១៧នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យមើលទំនិញ​មាន បន្លែ ផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមមាត់ច្រកទ្វាអន្តរជាតិចាំយាម មកចែកចាយក្នុងទីផ្សារ នៃខេត្តកោះកុង។

ការចុះពិនិត្យទៅលើបន្លែ ផ្លែឈើ ដែលអាជីវករនាំចូលប្រទេសថៃ តាមមាត់ច្រកទ្វាអន្តរជាតិចាំយាម លោក ហ៊ុយ ភារម្យ ប្រធានសាខា បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ​ដោយផ្អែកទៅលើច្បាប់ស្តីពីការគ្រប់គ្រង គុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលចែកចេញជាពីគឺ ទី១៖​ការត្រួតពិនិត្យជាលក្ខណៈរូបវ័ន្ត បានន័យថា ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់សម្ធិផលម្ហូបអាហារ ទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ កាលបរិច្ឆេទកំប៉ុង​។ល។ និងទី២៖​ត្រួតពិនិត្យគុណភាព និងភាពអនុលោម ដោយធ្វើការវិភាគជាបឋមទៅផលិតផលទំនិញ ដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម​ ក្នុងករណីមានការសង្ស័យត្រូវយកគំរូ បញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោកប្រធានសាខា បានឲ្យដឹងថា ជាលទ្ធផលសាខាកាំកុងត្រូលបានចុះត្រួតទំនិញ​ ដែលអាជីវករនាំចូលមកធ្វើការចែកចាយនៅតាមទីផ្សារនោះ សាខាកាំកុងត្រូល ពុំបានរកឃើញនូវផលិតផលណាមួយ​ ដែលត្រូវបានគេលួចបន្លំដាក់ប្រើសារធាតុគីមីនោះឡើយ ហើយអាស្រ័យ​ដោយមន្ដ្រីជំនាញ បានធ្វើការត្រួតពិនិត្យជាប្រចាំ និងជាបន្តបន្ទាប់​ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ក្នុងនោះដែរ ​លោកបានធ្វើការអំពាវ​នាវ ឲ្យអ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈ អនុលោមភាពខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកវិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទផលិត ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព និងសេដ្ឋកិច្ច៕