(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា រួមនិងមន្រ្តីស្ថានទូតម៉ាឡេស៊ីផងដែរ សរុបជាង ៦០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ បានរួមគ្នារត់ «Baton-Run» លើចម្ងាយផ្លូវប្រមាណ ៩គីឡូម៉ែត្រចាប់ពីស្ថានទូតម៉ាឡេស៊ី ស្ថិតគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ដែលនឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០១៧នេះ។

ពិធីរត់ «Baton-Run»​ នេះ ក៏មានការអញ្ជើញចូលរួមពីលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអនុរដ្ឋមន្រ្តីក្រសួងអប់រំ របស់ម៉ាឡេស៊ីផងដែរ។ ការរត់នាព្រឹកមិញនេះ បានចេញដំណើរពីមុខស្ថានទូតម៉ាឡេស៊ី បន្ទាប់មករត់ឆ្ពោះទៅមហាវិថីព្រះនរោត្តម ផ្លូវសុធារស ឆ្ពោះទៅរង្វង់មូល​សម្តេចព្រះសង្ឃរាជជូណាត វិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ១៦១ ផ្លូវលេខ១៨២ និងផ្លូវលេខ២១៧ រួចបន្តទៅពហុកីឡដ្ឋានជាំតិអូឡាំពិក តាមផ្លូវព្រះមុនីរ៉េត។

ការត់នេះបានធ្វើឡើងលើចម្ងាយផ្លូវ ៩គីឡូម៉ែត្រ ដោយចាប់ផ្តើមពីម៉ោង៦៖៣០នាទី រហូតដល់ម៉ោង ៩៖៣០នាទីព្រឹក។

លោក Norjufri Nizar Edrus តំណាងស្ថានទូតម៉ាឡេស៊ី​ប្រចាំប្រទេសកម្ពុជា​បានពន្យល់ថា BATON គឺជាដំបងភ្លើងសិប្បនិម្មិត ដែលគេកាន់ដើម្បីរត់។ ដំបងនេះត្រូវប្រគល់បន្តដល់តំណាងស្ថានទូតប្រទេសឥណ្ឌូនេស៊ី ដែលគេនឹងរៀបចំព្រឹត្តិការណ៍ BATON-RUN នេះនៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីកម្ពុជា។

ប្រទេសកម្ពុជា គឺជាប្រទេសទី៨ ដែលបានរៀបចំព្រឹត្តិការណ៍រត់ Batun-Runនេះ បន្ទាប់ពីប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី ហើយចុងក្រោយគេ គឺប្រទេសសិង្ហបុរី។

អនុរដ្ឋមន្រ្តីអប់រំរបស់ម៉ាឡេស៊ី និង លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា សុទ្ធបានបង្ហាញភាពរីករាយ និងសាទរផងដែរ ចំពោះព្រឹត្តិការណ៍រត់ Baton-Run នាព្រឹកមិញនេះបញ្ចប់ទៅដោយជោគជ័យ៕