(ព្រះវិហារ)​៖ ថ្លែងទៅកាន់​ប្រជាពលរដ្ឋជាង៥០០នាក់ នៅភូមិត្រពាំងទឹម​ ឃុំរមទម​ ស្រុករវៀង​ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអភិបាលខេត្តព្រះវិហារ បានអំពាវនាវយ៉ាងដូច្នេះថា «​បងប្អូនប្រជាពលរដ្ឋយើង​ រួមគ្នាថែរក្សាសន្តិភាព ដែលកើតឡើងដោយការលំបាកនេះ​ ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង​ ដែលជាប្រយោជន៍ដល់ការរស់នៅ ប្រកបដោយសុខសន្តិភាព របស់បងប្អូនប្រជាពលរដ្ឋយើង»

ការអំពាវនាវ​របស់អភិបាលខេត្តរូបនេះ ធ្វើឡើងក្នុងឱកាស ដែលលោករួមជាមួយក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះ​ជួយស្រុករវៀង​ និងឃុំរមទម ​ប្រគល់ផ្ទះមួយខ្នងដែលជាអំណោយ របស់គណបក្សប្រជាជនកម្ពុជាខេត្ត​ ជូនចាស់រាគ្មានទីពឹង​មួយគ្រួសារ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្លងតាមរបត់នយោបាយជាច្រើនជំនាន់មកប្រទេសជាតិរបស់យើង មិនដែលបានទទួលសុខសន្តិភាព បានពេញលេញយូរអង្វែង ដូចបច្ចុប្បន្ននេះទេ​ តែងជួបនូវហេតុការសង្គ្រាមជាញឹកញាប់​ ធ្វើឲ្យប្រជាពលរដ្ឋ​មានការលំបាក និងប្រទេសជាតិ គ្មានការរីកចម្រើន ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ​ ប្រទេសជាតិ​ បានទទួលសុខសន្តិភាព ជាង៣០ឆ្នាំទៅហើយ​ ដែលសន្តិភាពនេះ គឺកើតឡើងដោយការលំបាកណាស់​ ការលះបង់សព្វបែបយ៉ាងរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកបន្ដថា ស្របពេលការបោះឆ្នោតជិតមកដល់ម្តងៗ តែងតែមានក្រុមខ្លះ គណបក្សនយោបាយខ្លះ តែងដើរចាក់រុកឆ្កឹះឆ្គៀលបំផុសប្រជាពលរដ្ឋ​ វាយប្រហារគណបក្សប្រជាជនកម្ពុជា​ វាយប្រហាររាជរដ្ឋាភិបាល ក្នុងន័យបង្ក​អសន្តិសុខផ្សេងៗក្នុងសង្គម​ ដែលករណីនេះ លោកសូមឲ្យប្រជាពលរដ្ឋ​ត្រូវធ្វើការ​ពិចារណាឲ្យបានច្បាស់លាស់​កុំជឿការឃោសនារបស់គេ។

ក្នុងន័យនេះ លោកអភិបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗ នៅថ្ងៃខាងមុខនេះ។ ចុងបញ្ចុបនៃកម្មវិធី លោកបានឧបត្ថម្ភអំណោយមួយចំនួនដល់អ្នកចូលរួម និងពិសារអាហារសាមគ្គីផងដែរ៕