(កណ្តាល)៖  លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកៀនស្វាយ ខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគរគី និងឃុំភូមិធំ បានជំរុញ និងសុំឲ្យមន្រ្តីអាជ្ញាធរមូលដ្ឋាន ទាំងអស់ជួយទប់ស្កាត់រឿងគ្រឿងញៀន ដែលកំពុងកើតមាន នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការជំរុញនេះបានធ្វើឡើង ខណៈលោក និងក្រុមការងារ ចូលរួមនៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ៥៥០គ្រួសារ ដើម្បីស្វែងយល់ពីសុខទុក្ខ របស់ពួកគាត់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ នៅភូមិទួលដូងនិងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា អាជ្ញាធរមូលដ្ឋាន ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀន នៅក្នុងភូមិរបស់ពួកគាត់ជាពិសេស មេភូមិ មេឃុំ ត្រូវតែអំពើល្អជា មួយប្រជាពលរដ្ឋ កុំឲ្យពួកគាត់មិនពេញចិត្ត ដូចជាករណីពឹងឲ្យពួកគាត់ ឲ្យជួយធ្វើនេះ ធ្វើនោះ បែរជាអាជ្ញាធរមូលដ្ឋាន មិនទទួលខុសត្រូវ ចំពោះ បញ្ហាដែលពួកគាត់ពឹង ជាហេតុនាំឲ្យប្រជាពលរដ្ឋទាំងនោះ បានដើរចេញ និងលែងគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ដូច្នេះថា «មន្រ្តីខ្លះជាអ្នកដើរចេញពីប្រជាជន ប្រជាជនអត់ដើរចេញពីយើងទេ យើងវិភាគទៅឃើញអីចឹង ប្រជាពលរដ្ឋ លោកយល់ដឹងណាស់ អំពីគណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ខ្លាំងណាស់ទោះបីជា គណបក្សណា ក៏មិនអាចមកធ្វើការអភិវឌ្ឍន៍បានដែរ បានតាមាត់ បានតាសន្យាចោលទេ អត់មានធ្វើបានទេ ហើយយើង តានិយាយអីធ្វើ ដូចជាក់ស្ដែងថ្ងៃនេះ គឺថានិយាយអីធ្វើហ្នឹង អត់និយាយ និយាយហើយ ទៅបាត់ ទៅចោល អាហ្នឹងខ្វះជំនឿទុកចិត្ត ពីប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋលោក ចង់បាននិយាយ ម៉ាត់ណា គឺម៉ាត់ហ្នឹង ហើយប្រជាពលរដ្ឋ ក៏បានសន្យាដូចគ្នាដែរ ឧទាហរណ៍ថា អាឡូវនៅថ្ងៃ៤ ខែមិថុនា គឺត្រូវ ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត គឺអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដល់អញ្ជើញទៅបោះឆ្នោត លោកលើកដៃគូសសន្លឹកឆ្នោតណា លោកច្បាស់ជាគិតហើយ គិតថា អ្នកណាអាចដឹកនាំប្រទេសបាន អ្នកណាអាចដឹកនាំភូមិ-ឃុំ យើងបាន គណបក្សណា អាចជួយដល់ប្រជាពលរដ្ឋបាន ធ្វើឲ្យប្រទេសជាតិ រីកចម្រើនបាន លោកនឹងគូសយកហើយ»

លោក ម៉ក់ ពេជ្ជរិទ្ធ បន្តថា មេភូមិ មិនត្រូវប្រកាន់និន្នាការ នយោបាយថា អានេះគណបក្សនោះ អានោះ គណបក្សនេះ នោះទេ គឺត្រូវដឹងពីសុខទុក្ខរបស់ពួកគាត់ កុំប្រកាន់និន្នាការនយោបាយ។

នៅក្នុងពិធីសំណេះសំណាលនោះ ក៏មានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ដូចជា សុំអោយគណៈពង្រឹងជួយ ជួសជុលផ្លូវ ក្នុងភូមិ សុំឲ្យគណៈពង្រឹងជួយផ្តល់ព័ត៌មានដល់ក្រសួងសុខាភិបាល ដើម្បីក្រសួងចាត់កម្លាំងជំនាញ មកបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានរបស់ពួកគាត់ ដូចជាខ្វះខាតថវិការ ក្នុងការព្យាបាល , ខ្វះមធ្យោបាយជិះទៅសាលា , ខ្វះថវិការសម្រាប់ទិញសម្ភារៈជួសជុលផ្ទះ រាល់សំណើទាំងនេះ ត្រូវបាន ប្រធានក្រុមការងារ ទទួលយកនិងដោះស្រាយជូន ។បន្ទាប់ពីសំណេះសំណាលនោះ លោកក៏បានចែកអង្ករជូនប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕