(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្រសួងកសិកម្មនឹងចុះស្កេន ពិនិត្យឃ្លាំងស្ដុកស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងអស់ ក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកសារធាតុម៉្យាង ដែលមាន​ឈ្មោះថា Tricyclazole ហើយត្រូវបានសហគមអឺរ៉ុបហាមឃាត់ មិនឲ្យនាំចូលកសិផលដែលជាប់សារធាតុនេះ ទៅកាន់ប្រទេសរបស់ពួកគេ ចាប់ពីខែកក្កដា ឆ្នាំ២០១៧តទៅ​។

លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងបញ្ជាក់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ថា សហភាពអឺរ៉ុប គឺជាទីផ្សារអង្ករដ៏ធំ និងសំខាន់បំផុតរបស់ប្រទេសកម្ពុជា ជាក់ស្ដែងនៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញអង្ករជាត៥៤ម៉ឺនតោន ដែលក្នុង៦៣% នៃការនាំចេញទាំងអស់ ត្រូវបាននាំទៅអឺរ៉ុប។ ដូច្នេះប្រសិនបើអង្ករ របស់កម្ពុជាត្រូវបានរកឃើញថា មានជាប់សារធាតុហាម​ឃាត់នេះ ច្បាស់ជាមានបញ្ហាទីផ្សារនៅអឺរ៉ុប។

លោក ហ៊ាន វណ្ណហន បានថ្លែងដូច្នេះថា «ឆ្នាំកន្លងមក២០១៦ យើងនាំអង្ករចេញសរុបជាផ្លូវការបានជាង៥៤ម៉ឺនតោន នៅក្នុងបរិ​មាណនោះ៦៣% គឺទៅអឺរ៉ុប អីចឹងបើសិនជាយើងមានបញ្ហា អង្ករនៅទីផ្សារអឺរ៉ុប វានឹងប៉ះពាល់ដល់វិស័យនាំចេញអង្ករដល់កម្ពុជា។ សំខាន់នៅពេលនេះ រហូតដល់ខែកក្កដា នៅពេលដែលគេចាប់ផ្ដើមអនុវត្តន៍ច្បាប់ថ្មីទៅលើសារធាតុ Tricyclazole យើងអត់ដឹងធ្វើអីកើត​ទេ ព្រោះពេលនេះដល់ខែកក្កដា អ្នកនាំចេញនៅតែកិនស្រូវ នៅក្នុងស្ដុកនៅពេលបច្ចុប្បន្ន ដែលជាស្រូវផលិតរួចហើយ ដែលមិនមែន​ជាស្រូវដែលយើងទើបផលិតថ្មី ដែលមិនមានប្រើប្រាស់ថ្នាំដែលមានសារធាតុ Tricyclazole នោះទេ។ ដូច្នេះ អគ្គនាយកដ្ឋានកសិកម្ម ត្រូវការស្គេនគ្រប់ឃ្លាំងទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយយើងយកសំណាក ហើយវិភាគ ថាតើឃ្លាំងណាខ្លះ ដែលមិនគួរនាំចេញ មិនគួរអនុញ្ញាតឲ្យនាំចេញទៅទ្វីអឺរ៉ុប ដោយហេតុផល ម្នាក់នាំចេញទៅមានបញ្ហា មិនមែនប៉ះពាល់តែម្នាក់នេះទេ គឺប៉ះទាំងអស់»

ចំពោះចំណាត់ការក្រសួងកសិកម្មនេះ ក្រុមហ៊ុននាំចេញអង្ករ បានបង្ហាញនូវការគាំទ្រ ដោយអះអាងថា ជាចូលរួមទប់ស្កាត់មុនពេល បញ្ហាមកដល់។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានថ្លែងបញ្ហាកប្រាក់អង្គភាព Fresh News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ដោយគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់ក្រសួង ដើម្បីត្រៀមខ្លួនជាមុន ចំពោះបញ្ហាសារធាតុ Tricyclazole ដែលសហគមអឺរ៉ុបហាមឃាត់នេះ។

លោកបង្ហាញនូវក្ដីសង្ឃឹមថា នឹងមិនមានរកឃើញនូវសារធាតុ Tricyclazole នេះនៅលើឃ្លាំងស្រូវ រោងម៉ាស៊ីននៅកម្ពុជាទេ ដោយមើលឃើញថា កម្រិតនូវការប្រើប្រាស់ថ្នាំគីមី របស់ប្រជាជនកម្ពុជា មិនទាន់ដល់កម្រិតដូចប្រទេសវៀតណាមនោះឡើយ ប៉ុន្ដែជាការល្អបំផុតមួយ ដែលយើងត្រៀមខ្លួន មិនឲ្យមានសារធាតុហាមឃាត់​នេះ នូវលើស្រូវអង្កររបស់កម្ពុជា ឬឈានទៅដល់ការលុបបំបាត់តែម្ដង។

សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់ រាល់ការនាំចូលអង្ករ ដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមាន កម្រិតលើស០.០១​មីលីក្រាម ចាប់​ពីដើម​ខែ​កក្កដា ​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំ មានប្រសិទ្ធភាពបំផុតក្នុងការ សម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ៕