(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ បានរិះគន់ទៅដល់ លោក សម រង្ស៊ី ដែលជាអតីត ប្រធានគណបក្សសង្គ្រោះជាតិថា ការធ្វើនយោបាយរបស់បុគ្គលរូបនេះសព្វថ្ងៃ គឺក្នុងគោលបំណង ដើម្បីកេងចំណេញ ផលប្រយោជន៍ ទៅលើជីវិតកម្មករ​រោងចក្រឯណោះទេ។

ប្រធានគណបក្សយុវជនកម្ពុជា បានរិះគន់ចំៗថា «លោក សម រង្ស៊ី បានជំពាក់គុណ បំណាច់បងប្អូនកម្មកររោងចក្រច្រើនណាស់ ដោយហេតុថាជីវិត​នយោបាយរបស់ លោក សម រង្ស៊ី មួយផ្នែកធំ គឺមានការចូលរួមយ៉ាងសកម្ម ពីបងប្អូនកម្មកររោងចក្រទើប លោក សម រង្ស៊ី មានកិត្តិនាមល្បីដូច​សព្វថ្ងៃនេះ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ គឺលោក សម រង្ស៊ី បានចាត់ទុកបងប្អូនកម្មករ ជាឧបករណ៍នយោបាយរបស់ខ្លួនគាត់ទៅវិញ»

លោក ពេជ្រ ស្រស់ បានរៀបរាប់ថា «និយាយពីជីវិត ខ្ញុំក៏ជាសមាជិក នៃជីវិតជាកម្មកររោងចក្រ កាត់ដេរម្នាក់ដែរ ហើយបានហែលឆ្លងផ្ទៃសាគរយ៉ាងវែងឆ្ងាយ ទើបខ្ញុំបានសម្រេចក្តីប្រាថ្នា ដូចសព្វថ្ងៃនេះ»។ ចំពោះជីវិតកម្មកររោងចក្រ គឺគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់ធ្វើកិច្ចការ ដែលខ្លួនចង់ធ្វើនោះឡើយ រួមទាំងការទទួលបានប្រាក់កម្រៃខ្វះ មុខខ្វះក្រោយទៀត ជីវិតជួបនឹងផលលំបាកប៉ុណ្ណឹងហើយ នៅតែមានអ្នកនយោបាយកន្លងមក ឆ្លៀតកេងចំណេញលើជីវិតកម្មកររោងចក្រទៀត។
 
លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា «លោក សម រង្ស៊ី មិនបានសងគុណដល់បងប្អូនកម្មកររោងចក្រទេ ហើយថែមទាំងនាំកម្មកររោងចក្រឲ្យ ចាកឆ្ងាយពីក្រុមគ្រួសារទៀត គឺកម្មកររោងចក្រ មួយចំនួនត្រូវបាន លោក សម រង្ស៊ី បាននាំទៅឲ្យស្លាប់ដោយសារតែភាពចង់ បានអំណាចយ៉ាងតក់ក្រហល់របស់លោក សម រង្ស៊ី នេះអ្វីដែលគួរឲ្យកត់សំគាល់នោះ ឃើញថាក្រោយពីការ ស្លាប់របស់បងប្អូនកម្មកររោងចក្រហើយ មិនដែលឃើញលោក សម រង្ស៊ី ងើបប្រឆាំងទាមទាររកយុត្តិធម៌ជូនកម្មករ និងក្រុមគ្រួសារកម្មករដែលបានស្លាប់សោះឡើយ ផ្ទុយទៅវិញលោក សម រង្ស៊ី មានការភ័យស្លន់ស្លោរត់ចោលបងប្អូនកម្មកររោងចក្រទៅទៀត»។

ជាមួយនឹងការរិះគន់នេះផងដែរ លោក ពេជ្រ ស្រស់ ក៏បានធ្វើការអំពាវនាវទៅដល់កម្មករោងចក្រថា «ដូច្នេះ សូមបងប្អូនកម្មករោងចក្រ ឈប់ជឿរការឃោសនា បោកប្រាស់របស់លោក សម រង្ស៊ី បន្តទៅទៀតកុំឲ្យស្រមោលអតីតតាម លងបន្លាចបងប្អូនកម្មករបាន គឺបងប្អូន ត្រូវសង្កេតមើលអ្នកនយោបាយណា ដែលគិតគូដល់អាយុជីវិត របស់បងប្អូន ទើបជីវិតរបស់បងប្អូនជួបនឹងសេចក្តីសុខ និងនៅជួបជុំគ្រួសាររបស់បងប្អូនប្រកបដោយសុភមង្គល»៕