(ភ្នំពេញ)៖ ករណីលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ បន្លំខ្លួនចូលពន្ធនាគារ ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook។ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (សសសក) បានបង្ហាញចំណាប់អារម្មណ៍៦ចំណុច ជុំវិញករណីខាងលើនេះ។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងយ៉ាងដូច្នេះថា៖ បងប្អូនអ្នកសារព័ត៌មាន៖ «កាលណានិយាយអំពី វិជ្ជាជីវៈ ហើយរាល់វិជ្ជាជីវៈ គឺត្រូវប្រកាន់ខ្ជាប់ជាមួយ ក្រមសីលធម៌»។ ហើយ «បើនិយាយពី ឯករាជ្យភាព កុំបន្លំជាមួយអ្នកនយោបាយ»។

១៖ វិជ្ជាជីវៈ Profession - ទោះបីនិយាយថាចង់សរសេរផ្សាយ «ព័ត៌មានបែបស៊ើបអង្កេត» ក៏ដោយ តែបើកន្លែងនោះជាស្ថាប័នផ្លូវការ ជាកន្លែងអនុវត្តច្បាប់ គឺត្រូវតែសុំច្បាប់ចូលឲ្យត្រឹមត្រូវ។ កុំបន្លំ។ កុំថាឡើយចង់ស៊ើបអង្កេតនៅបន្ទាយកងទ័ព ឬអង្គភាពប្រឆាំងអំពើពុករលួយ សូម្បីតែពន្ធនាគារ ក៏ត្រូវតែសុំច្បាប់ចូលទៅទីនោះ និងត្រូវតែមានការសហការ។ ត្រូវតែបង្ហាញការគោរពច្បាប់ឲ្យបានត្រឹមត្រូវជាមុនសិន។ បើបានសុំម្តងជាពីរដង តែកន្លែងនោះមិនអនុញ្ញាត ផ្សាយទៅ...។

២៖ ភាពស្មោះត្រង់លើវិជ្ជាជីវៈ Honesty - មិនត្រូវយកលេសថា ចង់សរសេរព័ត៌មានស៊ើបអង្កេត ហើយបែរជាបន្លំខ្លួនជាមួយអ្នកនយោបាយនោះទេ។ បែបនេះ វាធ្វើឲ្យគេយល់ថា អ្នកមានបំណងទុច្ចរិត ហើយអាចគេបើកការស៊ើបអង្កេតនិងអនុវត្តច្បាប់លើសកម្មភាពបែបនេះ។

៣៖ សុវត្ថិភាពអ្នកសារព័ត៌មាន (News Safety)៖ អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ន ហើយ «កុំបន្លំខ្លួន» ចូលទៅកន្លែងដែលគ្មានសុវត្ថិភាពដូចជាតំបន់៖ ចំការមីន សមរភូមិប្រយុទ្ធ តំបន់មានជំងឺឆ្លង តំបន់មានសារធាតុពុល សារធាតុគីមីវិទ្យុសកម្ម ឬកន្លែងមានគ្រោះរញ្ជូយដី និងមានបន្ទុះភ្នំភ្លើង...

៤៖ អ្នកសារព័ត៌មានត្រូវ «សហការជាមួយសមត្ថកិច្ច» ពេលចូលកន្លែងដែលមិនស្គាល់ភូមិសាស្ត្រ កន្លែងមានបទល្មើស... ជៀសវាងជាន់ដានចោរ។

៥៖ ពិតហើយ បទល្មើសមានធំ មានតូច។ តែអ្នកណាធ្វើខុស អ្នកហ្នឹងទទួលខុសត្រូវ។ អត់មានលាយឡំគ្នា ហើយក៏គ្មានអ្នកជាប់ទោសជំនួសដែរ។
៦៖ ដូច្នេះ យើងក៏មិនត្រូវបន្តអនុវត្តការងារដោយឆោតល្ងង់ដោយបន្លំ លើការបំពេញវិជ្ជាជីវៈជាឧត្តមគតិដ៏ថ្លៃថ្នូរចំពោះសង្គមនោះទេ។ បើមិនទាន់ចេះ រៀនថែម! បើខុស ត្រូវហ៊ានសុំទោស និងកែតម្រូវ៕