(កែប)៖ លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកែប នៅព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ បាន​ចូលរួម​ជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យសកម្មភាព​លទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៤ ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៧ និងទិសដៅអនុវត្ត​បន្ត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោក សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្សប្រជាជនខេត្តទាំងអស់ផងដែរ។

លោក កែន សត្ថា ​បាន​ឲ្យដឹងថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៧នេះ ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលចុះជួយខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត សមាជិកសភាមណ្ឌលខេត្តកែប សមាជិកសភាភូមិភាគ៥ រួមជាមួយគណបក្ស និងក្រុមការងាររបស់គណបក្សខេត្តគ្រប់ថ្នាក់ បានចំណាយទាំងកំលាំងកាយ ចិត្ត រួមទាំងថវិកា ក្នុងការដោះស្រាយរាល់សំណូមពរ និងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ជារួមការចំណាយលើកិច្ចការផ្សេងៗ ក្រុមការងាររបស់គណៈកម្មាធិការកណ្តាលជុះជួយខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត រួមទាំងស្ថាប័នជាច្រើនទៀត ក៏បានចំណាយថវិកា​សរុបប្រមាណ ១១០,៧៥៩,០០០រៀល និងប្រាក់ដុល្លារ១៤,២៧៥ដុល្លារ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

បើតាមលោក កែន សត្ថា ក្រៅពីនោះក្រុមការងារគ្រប់ឃុំ-សង្កាត់ និងភូមិបានបន្តយកចិត្តទុកដាក់ ជម្រុញការជួសជុល កែលម្អ ស្លាកគណបក្សបានចំនួន១៤២ស្លាក និងលើកស្លាក​ថ្មីបានចំនួន១៣០ស្លាក សរុប២៧២​ផងដែរ។ ចំពោះការអនុវត្តផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណតិ្តទី៤ ឆ្នាំ២០១៧ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ក៏បានរៀបចំផែនការទទួលបានជោគជ័យ និងបន្តអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលការណ៍ដឹកនាំ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឲ្យបានហ្មត់ចត់បំផុត។

លោកបញ្ជាក់ថា ពង្រឹងយន្តការក្នុងរចនាសម្ព័ន្ធ ចាត់តាំងក្បាលម៉ាស៊ីនគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ដើម្បីលើកកម្ពស់ ការអនុវត្តន៍តួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ដោយធ្វើសកម្មភាពផ្តោតឆ្ពោះ ទៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ និងសហការរវាងគណៈកម្មការរៀបចំការបោះឆ្នោត ក្នុងការចែកប័ណ្ណព័ត៌មានឲ្យបានដល់គ្រប់សមាជិកគណបក្ស ដើម្បីបានដឹងពីថ្ងៃខែបោះឆ្នោត ដឹងលេខរៀងឈ្មោះក្នុងបញ្ជីបោះឆ្នោត និងការិយាល័យដែលត្រូវទៅបោះឆ្នោត ព្រមទាំងបន្តផ្តល់ប័ណ្ណសម្គាល់ខ្លួនសមាជិក គណបក្សឲ្យបានគ្រប់គ្នា និងបំផុសដឹកនាំណែនាំ សមាជិកគណបក្សទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានលើកឡើងថា ឥឡូវនេះជិតដល់យុទ្ធនាការបោះឆ្នោតហើយ សូមក្រុមការងារគ្រប់ថ្នាក់ខិតខំជម្រុញការងាររបស់ខ្លួន ឲ្យបានប្រាកដប្រជា ដើម្បីត្រៀមលក្ខណៈការបោះឆ្នោតឆ្នាំ២០១៨ ឲ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងភារកិច្ចនេះ ក្រុមការងារត្រូវបន្តខិតខំអភិវឌ្ឍន៍នៅគ្រប់តំបន់ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែមានការរីកចម្រើន ជាលំដាប់ត្រៀមលក្ខណៈនូវមធ្យោបាយ សម្ភារៈ ថវិកា សម្រាប់ព្យូរយាត្រាឲ្យបានល្អប្រសើរ និងពង្រឹង ការថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ​ ហើយរឹងមាំ ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ពិសេសពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕