(ភ្នំពេញ)៖ កុមារគថ្លង់ ពិការ និងកំព្រា ប្រមាណ​២០០នាក់ មកពីបណ្ដាអង្គការមនុស្សធម៌នានា បានអញ្ជើញមកចូលរួម​ទស្សនា​ភាពយន្ត ដោយឥតគិតថ្លៃ នៅរោងភាពយន្ត Major Cineplex By​ cellcard នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០១៧នេះ ដើម្បីឲ្យពួកគេបានស្វែងយល់ ពីតថភាពរបស់សង្គម និងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត បានមកពីការទស្សនាភាពយន្ត ខាងលើនេះ។

លោក សំបាន់ វិបុល អ្នកសម្របសម្រួល និងតំណាងមូលនិធិរក្សាកុមារ (Raksa Koma Foundation) បានថ្លែងឲ្យដឹងថា នេះជាលើកទី១ហើយ ដែលកុមារគថ្លង់ ពិការ និងកំព្រាទាំងអស់នេះ បានមកទស្សនាភាពយន្ត នៅរោងភាពយន្ត Major Cineplex By​ cellcard។ ការរៀបចំបែបនេះ គឺក្នុងគោលបំណង​ចង់ឲ្យពួកគេ មានការចងចាំ នូវអ្វីដែលមានលក្ខណៈប្លែក ភាពទាន់សម័យ និងការយល់ដឹងបន្ថែម ពី​តថភាពសង្គមថ្មីជាច្រើនទៀត បន្ទាប់ពីពួកគេទទួលបានការបណ្ដុះបណ្ដាល នៅតាមអង្គការ ដែលពួកគេរស់នៅរួចមក។

លោកបន្តថា សកម្មភាពទាំងនេះ បានបញ្ជាក់ឲ្យឃើញពី ការងារមនុស្សធម៌ តាមរយៈការផ្ដល់ឱកាសឲ្យពួកគេ បានស្គាល់នូវរសជាតិថ្មីនៃជីវិត សិល្បៈនៃការរស់នៅ សម័យបច្ចេកវិទ្យា និងការចង់ចាំក្នុងខួរក្បាល ជាច្រើនទៀត បើទោះបីជា កុមារខ្លះគាត់មិនបានស្ដាប់ឮ ប៉ុន្តែគាត់អាចមើលឃើញ និងយល់ដឹងបានច្រើន តាមរយៈសាច់រឿង ដែលបានទស្សនា។ លោកបន្តទៀតថា កុមារទាំងអស់ ដែលបានមកទស្សនាភាពយន្ត នៅរោងភាពយន្ត Major Cineplex By​ cellcard នៅថ្ងៃនេះ មានចំនួនប្រមាណជាជិត២០០នាក់។

ដោយឡែក​លោក សៅ សុខនី នាយកប្រតិបត្តិ នៃរោងភាពយន្ត Major Cineplex By​ cellcard បានថ្លែងឲ្យដឹងថា​ កម្មវិធីនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យកុមារទាំងនេះ ទទួលបានបទពិសោធន៍ថ្មីៗ ពីការទស្សនាភាពយន្តខ្នាត ហូលីវូដ ជាមួយនឹងបច្ចេកវិទ្យា 3D យ៉ាងទំនើប។ លើសពីនេះ រោងភាពយន្ត Major By​ cellcard ក៏បានបរិច្ចាគ​ទឹកប្រាក់បន្ថែម ជូនដល់អង្គការមិត្តភាពកម្ពុជា និងកុមារអន្តរជាតិ ចំនួន២០០ដុល្លារ បន្ថែមទៀតផងដែរ។

​នាយកប្រតិបត្តិរូបនេះ បន្តទៀតថា Major By​ cellcard តែងតែចូលរួម លើកកម្ពស់ការអភិវឌ្ឍ និងលើកទឹកចិត្តដល់កុមារកម្ពុជា។ ជាក់ស្ដែង Major Cineplex By​ cellcard ព្រមទាំងអង្គការ ជេស៊ីអាយ (JCI) កម្ពុជា នឹងគ្រោងធ្វើកម្មវិធី សប្បុរសធម៌មួយចំនួនទៀត ដើម្បីជួយដល់កុមារកម្ពុជា។

សូមបញ្ជាក់ថា កុមារគថ្លង់ ពិការ និងកំព្រា ប្រមាណជិត២០០នាក់ ដែលមកពីបណ្ដាអង្គការមនុស្សធម៌នានា រួមមាន មកពីអង្គការ មិត្តភាពកម្ពុជា និងកុមារអន្តរជាតិ (CICFO Cambodia) ចំនួន៣០ នាក់, មកពីអង្គការ ការីតាស (Caritas Cambodia) ចំនួន២០ នាក់, មកពីអង្គការ ក្ដីសង្ឃឹមថ្មី ( New Hope) ចំនួន៥០នាក់ ,មកពីអង្គការគ្រួសារថ្មី (New Family) ចំនួន៧០នាក់ និងកុមារមកពី​កម្មវិធីអភិវឌ្ឍមនុស្ស គថ្លង់ (DDP Cambodia) ចំនួន៦០នាក់។ ពួកគេទាំងអស់​បានទស្សនារឿង «ស្មឺហ្វ ភូមិឋានដែលបាត់បង់» ដែលជាភាពយន្ត ប្រភេទ​3D៕