(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានរងរបួស-ស្រាល ក្នុងហេតុការណ៍រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង បានបើកបុក រថយន្តដឹកមាន់មួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាឲ្យខូចខាតខ្ទេចរថយន្តទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចជិតសាលារៀន ភាសាកូរ៉េ ស្ថិតក្នុងភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកមាន់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-3695 បើកបរដោយយុវជនមិនស្គាល់ឈ្មោះ ម្នាក់និងមានអ្នកជិះរួមដំណើរ នៅក្នុងនោះចំនួន៣នាក់ទៀតផងដែរ។ ពួកគេបានរងរបួសទាំងអស់គ្នា មិនតែប៉ុណ្ណោះរថយន្តនេះ បានរងការខូចខាតកំណាត់មុខទាំងស្រុងតែម្ដង។ ចំណែករថយន្តដឹកស៊ីម៉ង់ត៍ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2721 របស់ក្រុមហ៊ុន HC អ្នកបើកបរបានរត់គេចខ្លួនបាត់ រងការខូចខាតបែកធុងប្រេង និងកំពិតទ្វារខាងឆ្វេង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅច្រាស់គ្នា ដោយរថយន្តដឹកមាន់ បើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តដឹកស៊ីម៉ង់ត៍ បើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ ចំណុចកើតហេតុ ខាងលើ មិនដឹងថាមានបញ្ហាអ្វីនោះទេ ទើបបុកគ្នា ហើយទំនងរថយន្តដឹកមាន់បុកចំធុងប្រេង របស់រថយន្តដឹកស៊ីម៉ង់ត៌។ ព្រោះធុងប្រេងបែក ចំណែករថយន្តដឹកមាន់បានរងការខូចខាតយ៉ាងដំណំតែម្ដង។

ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿង​ ត្រូវបាននគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំទៅរក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕