(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល បានស្នើឱ្យមន្រ្តីបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្ត ពង្រឹងខ្លួន និងបន្តបម្រើប្រជាជន ដោយស្មោះត្រង់ និងបន្តដោះស្រាយកង្វល់ និងបញ្ហារបស់ប្រជាជនដោយសកម្ម។

ការលើកឡើងរបស់ លោក វង្សី វិស្សុត បានធ្វើឡើង នៅក្នុងពិធីប្រជុំប្រចាំខែរបស់គណៈអចិន្ត្រៃយ៍គណៈ ពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល។

លោក វង្សី វិស្សុត បានបន្ថែមថា មន្រ្តីគណបក្សទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅរបស់ប្រទេស ជាពិសេស ស្ថានភាពនយោបាយក្នុងពេលថ្មីៗនេះ។ ផ្អែកលើសភាពការណ៍នេះ លោកប្រធានគណៈពង្រឹង បានធ្វើការណែនាំ ដល់មន្រ្តីគណបក្សទាំងអស់ ត្រូវមានអប្បមាទជាប់ជាប្រចាំ និងត្រូវចេះក្តាប់សភាពការណ៍ វាយតម្លៃសភាពការណ៍ ជាពិសេសត្រូវចេះប្រើប្រាស់ភាពការណ៍ ដើម្បីដណ្តើមយកប្រៀប ទៅតាមមូលដ្ឋាន ភូមិឃុំរបស់ខ្លួន ចាប់តាំងពីពេលនេះ រហូតទៅដល់ថ្ងៃបោះឆ្នោត។

ជាមួយគ្នានោះ លោក វង្សី វិស្សុត បានជម្រាបជូនមន្រ្តីគណបក្សទាំងអស់បានជ្រាប អំពីតម្លៃមិនអាត់ថ្លៃបាន របស់សន្តិភាព ដែលកម្ពុជាត្រូវរក្សាការពារសន្តិភាព ដែលបានមកដោយលំបាកឲ្យបានដាច់ខាត។ លោកបានស្នើឱ្យមន្រ្តី គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងខ្លួន និងបន្តបម្រើប្រជាជន ដោយស្មោះត្រង់ និងបន្តដោះស្រាយកង្វល់ និងបញ្ហារបស់ប្រជាជនដោយសកម្ម ហើយត្រូវបន្តអនុវត្តសកម្មភាព ចិញ្ចឹមចលនាឲ្យដូចជាភ្លៀងរលឹម។

លោក វង្សី វិស្សុត បានបន្តថា ត្រូវមានការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ ពិសេសបន្តលុបបំបាត់ភាពអសកម្មផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។ លោកបានស្នើដល់មន្រ្តីបក្សត្រូវអនុវត្ត ភារកិច្ចខាង លើនេះឲ្យបានដាច់ខាត ដើម្បីផ្តល់ការទំនុកចិត្ត ការជឿជាក់ និងក្តីសង្ឃឹមជូនដល់ប្រជាជនមកលើគណបក្ស និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

ដើម្បីបន្តជួយទ្រទ្រង់ដល់កិច្ចអភិវឌ្ឍនៅក្នុងស្រុកមុខកំពូល លោក វង្សី វិស្សុត បានទទួលយកនូវសំណូមពរមួយចំនួន ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ នៅស្រុកមុខកំពូល ដូចជា សំណើស្តារព្រែកនៅឃុំព្រែកដំបង និងឃុំឬស្សីជ្រោយ ព្រមទាំងគម្រោងបើកផ្លូវ និងប្រឡាយមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ដើម្បីចូលរួមគាំទ្រ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿន ក៏ដូចជាគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានប្រកាសផ្តល់ប្រេងចំនួន៥០០លីត្រ ជូនដល់អធិដ្ឋាននគរបាលស្រុក និងប្រេង៣០០លីត្រ ដល់អាវុធហត្ថស្រុក និង ២០០លីត្រ ដល់ផ្នែកសឹករងស្រុកផងដែរ។

បន្ថែមពីលើនេះ លោកប្រធានគណៈពង្រឹងស្រុក ក៏បានផ្តល់ដាក់ចេញនូវផែនការសកម្មភាពការងារមួយចំនួនបន្ថែមផែនការ សកម្មភាពដែលមានស្រាប់ ដើម្បីឆ្ពោះទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕