(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវដល់បងប្អូនជាកម្មករ-កម្មការិនី ទាំងអស់កុំជឿសម្តីញុះញង់ របស់មនុស្សមួយក្រុម ឃោសនាអំពីការតម្លើងថ្លៃប្រាក់ឈ្នួលឲ្យសោះ ព្រោះរាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ ដើម្បីផលប្រយោជន៍រួម ទាំងម្ចាស់រោងចក្រ និងបងប្អូនជាកម្មករ-កម្មការិនី យើងឲ្យទទួលយកបានដូចគ្នា ទើបដំណើរការបានទៅដោយរលូនប្រកបដោយតម្លាភាពលើការងារពលកម្ម។

ការថ្លែងអំពាវនាវបែបនេះ ខណៈអភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធី ខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍន៍» ដែលមានការចូលរួមពី កម្មករ-កម្មការិនី រោងចក្រ វ៉ាសាន់ អេចខេ ហ្វេកធើរី (ខេមបូឌា)ជិត៤ពាន់នាក់។

ថ្លែងនៅក្នុងពីធីនេះលោក វ៉ី សំណាង បានថ្លែងថា «ប្រទេសមានសុខសន្តិភាព មានការគោរពសិទ្ធិសេរីភាព មានទំនុកចិត្តពីអ្នកវិនិយោគ ទើបមានការជួបជុំគ្នា បានហូបបាយសាមគ្គី ជាមួយគ្នាដោយក្តីសោមមនស្សរីករាយដាក់គ្នា បានដូចថ្ងៃនេះ»

លោកអភិបាលខេត្ត បានលើកឡើង ដោយប្រដូចទីតាំងរោងចក្រ វ៉ាសាន់ តាំងពីសម័យកន្លងទៅជាដីស្រែរាប់សិបជំនាន់ គឺវាលស្រែស្ទើទុកចោល តែដល់សម័យអភិវឌ្ឍន៍នេះ បានប្រែក្លាយទៅជាតំបន់រោងចក្រ បំរើឲ្យផលប្រយោជន៍ប្រជាជនខ្មែរគ្រប់ៗគ្នា មិនតែប៉ុន្តែរោងចក្រវិនិយោគនានា បានបន្តវិនិយោគនៅទីនេះ បន្ថែមដើម្បីផលប្រយោជន៍ប្រជាជនយើងទៀត៕