(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាល ព្រំដែន បានប្រកាសប្រាប់ឲ្យកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ពង្រឹងសមត្ថភាព និងជំនាញឲ្យខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដីប្រទេស។

ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានប្រកាសបែបនេះ ក្រោយពីមានការចង្អុលបង្ហាញពី សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ការក្រើនរំលឹករបស់ ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានធ្វើឡើងនៅក្នុងពិធី ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារហ្វឹកហ្វឺន របស់សិក្ខាកាមកងកម្លាំងនគរបាលការពារព្រំដែននៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភគទី៤(ខេត្តព្រះវិហារ) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។

ឧត្តមសេនីយ៍ឯក បានបន្ថែមឲ្យដឹងថា  បានថ្លែងការកោតសរសើរ ដល់គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមរួមទាំង ចុងភៅ ដែលបានខិតខំរួមគ្នាធ្វើឲ្យវគ្គហ្វឹកហ្វឺនទាំងមូលទទួលលទ្ធផលគួរជាទឺមោទនភាព។

នៅក្នុងឱកាសនោះ លោក ហ៊ូ សាគុណ បានលើកយកពាក្យផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលដែលបានខិតខំឈរជើងយ៉ាងអង់អាចក្នុងការការពារទឹកដីផងដែរ៕