(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបាននិយាយថា ដីកាកោះហៅលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ រួមទាំងតំណាងរាស្រ្ត២រូបរបស់ គណបក្សសង្រ្គោះជាតិ គឺ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បានយកទៅដល់ផ្ទះរបស់ពួកគាត់ហើយ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ​​ ក្នុងនោះសម្រាប់ដីកាកោះហៅលោក ជុន ច័ន្ទបុត្រ និង លោក ឡុង រី មានអ្នកចេញមកទទួល ចំណែកដីការបស់លោកស្រី មូរ សុខហួរ ពុំមានអ្នកទទួលទេ ប៉ុន្តែសមត្ថកិច្ចបិទដីកានោះនៅខាងមុខផ្ទះ។

សូមបញ្ជាក់ នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងករណីបន្លំចូលពន្ធនាគារ។ ជាមួយគ្នានេះ តុលាការក្រុងភ្នំពេញ ក៏បានកោះហៅ លោក ឡុង រី ជាសាក្សី និងលោកស្រី មូរ សុខហួរ ក្នុងនាមជាសាក្សីនៃសំណុំរឿងនេះផងដែរ។ លោក ឡុង រី ត្រូវចូលបំភ្លឺ នៅថ្ងៃទី២៧ ខែមេសា ខណៈលោកស្រី មូរ សុខហួរ ត្រូវចូលបំភ្លឺនៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៨ ខែមេសា។ ចំណែកឯ លោក ជុន ច័ន្ទបុត្រ ត្រូវចូលបំភ្លឺ នៅថ្ងៃទី០២ ខែឧសភា ខាងមុខនេះ។

កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

ករណីនេះ ក្រសួងមហាផ្ទៃ បានចោទប្រកាន់ថា ជាការឃុបឃិតបោកបន្លំភ្នែកសមត្ថកិច្ច ហើយចោទតំណាងរាស្រ្តគណបក្សនេះ និង លោក ជុន ច័ន្ទបុត្រ ថាបានប្រាសចាក នូវសីលធម៌ មិនអាចទទួលយកបាន៕