(ភ្នំពេញ)៖ ម្ចាស់រថយន្ដទំនើប១គ្រឿង ម៉ាក Audi ពាក់ស្លាកលេខ នគរបាល 2-1981 ដែលបានបើកឆ្លងផ្លូវ ហើយជាន់ហ្វ្រាំង​មិនជាប់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូសង់ឌ្រីម១គ្រឿងពេញទំហឹង បណ្ដាលយុវជន២នាក់រងរបួសនោះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្រ្តីម្ចាស់រថយន្តបានផ្តល់សំណងចំនួន១១០០ដុល្លារជូនដល់​ជនរងគ្រោះទាំង២នាក់ហើយ។

លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា បន្ទាប់ពីមានការសម្របសម្រួល និងមានចរចាគ្នារវាងភាគីជនរងគ្រោះ និងអ្នកបើករថយន្តនោះ នៅថ្ងៃនេះម្ចាស់រថយន្តបានផ្តល់សំណងចំនួន១១០០ដុល្លារសម្រាប់ការព្យាបាល។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩.៥០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ នៅត្រង់ចំណុចទល់មុខបុរីប៉េងហួត ស្ថិតក្នុងសង្កាតស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសាក្សី មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះបើកម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DG-5657 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តអូឌីទំនើប១គ្រឿង ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1981 បើកដោយស្រ្តីម្នាក់ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដើម្បីឆ្លងផ្លូវចូលបុរីប៉េងហួត និងជាន់ហ្វ្រាំងមិនជាប់ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យទាំង២នាក់ឪពុកកូន ដួលបោកនិងថ្នល់រងរបួស។ ខណៈរថយន្តបង្កបានធ្លាក់កាងខាងមុខ ហើយមិនព្រមឈប់ឡើយ ព្យាយាមបើករត់គេចទាំងមិនទទួលខុសត្រូវ និងធ្លាក់កាងចូលក្នុងបុរីប៉េងហួត បាត់ស្រមោលតែម្ដង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ជួយបញ្ជូនជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះភ្លាមៗ តាមរថយន្ដគ្លីនិកឯកជនសួរគ៌ា។

សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចរាចរណ៍ ឲ្យចុះស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មាន ដើម្បីរកយុត្តិធម៌ជូនរងគ្រោះទាំង២នាក់៕