(ព្រៃវែង)៖ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តលោក ស សុខា បាន​ចុះ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន​ប្រជាជន​ដោយ​មិន​ថ្លៃ​ បានជាង២ពាន់នាក់ ក្នុង​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង។ ប្រតិបត្តិការនេះ ពិនិត្យ និងព្យាបាលអ្នកជំងឺនេះ ក្រៅ​ពី​មិន​គិត​ថ្លៃ  ក៏​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ទាំង​អស់ សំខាន់​គិត​ពី​សុខភាព​ប្រជាជន​ជា​ធំ​។

ក្នុង​ឱកាស​បើក​ការ​ពិនិត្យ និងព្យាបាល​នេះ លោក ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សំដែង​ការ​ដឹង​គុណ​ចំពោះ​ប្រជាជន​ ក្នុង​ស្រុក​កំចាយ​មារ​ទាំង​អស់​ ដែល​តែង​តែ​គាំ​ទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​បញ្ជាក់​ថា រាល់​ការ​បោះ​ឆ្នោតក្នុង​ស្រុក​កំចាយ​មារ តែង​ឈ្នះ​ជា​និច្ច​។

អ្នក​តំណាង​រាស្ត្រ​រូប​នេះ បាន​ចាត់​ទុកការ​សម្រេច​ចិត្ត​ របស់​ប្រជាជន​ថាជា​ការ​គិត​ត្រូវ ដែល​បង​ប្អូន​បាន​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​ស្ថាបនិក​​សន្តិភាព និង​ការអភិវឌ្ឍ។ លោកក៏បាន លើក​ទឹក​ចិត្ត​ឲ្យ​ស្មារតី​នេះ បូក​រួម​ទាំង​ប្រជាជន​ទូទាំង​ប្រទេស​ បន្ត​ជឿ​ជាក់​លើ​ការ​ដឹក​នាំ ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ដើម្បី​ប្រជាជន​។

លោក ស សុខា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​ស.ស.យ.ក បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ការ​ព្យាបាល​នេះ មិន​យក​ប្រាក់​ជា​ដាច់​ខាត និង​មិន​រើស​អើង​និន្នាការ​នយោបាយ​ឡើយ គឺ​ដើម្បី​ប្រយោជន៍​ខ្មែរ​តែ​មួយ

តាម​របាយ​ការណ៍​ពី​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ស សុខា រាយ​ការណ៍​ថា លទ្ធផល​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ក្នុង​ស្រុក​កំចាយ​មារ​ក្នុងថ្ងៃនេះ បាន​ជាង​២០០០​នាក់​ ក្នុង​នោះ​រួម​មាន ផ្នែកកុមារ បានចំនួន ២២១នាក់, ផ្នែកទូទៅបានចំនួន ១៣៤៧ នាក់, ផ្នែកធ្មេញ បានចំនួន ៤១៦នាក់, ផ្នែកវះកាត់ និងអេកូ បានចំនួន ១០៣ នាក់, និងរោគស្រ្តី បានចំនួន ៦៧នាក់។ តួលេខ​សរុប​នៃ​ការ​ពិនិត្យ​ព្យាបាល​ បាន​​ចំនួន២១៥៤ នាក់៕