(កំពង់ចាម)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារចុះពង្រឹងមូលដ្ឋានប្រចាំខែមេសា ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសានេះ នៅមន្ទីរគណបក្សប្រជាជនស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង​ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានអំពាវនាវដល់សមាជិក-សមាជិកា នៃក្រុមការងារទាំងអស់ ត្រៀមលក្ខណៈឲ្យបានល្អ ដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាចំនួនអាសនៈនៅក្នុងព្រឹទ្ធសភា និង សំឡេងនៅថ្នាក់ក្រោមជាតិ សម្រាប់បន្តអនុវត្តន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា។

«ជ័យជម្នះដែលបានមកពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ នឹងអនុញ្ញាតឲ្យយើងបន្តអនុវត្តន៍​គោលនយោបាយសំខាន់ៗ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ តាមបែបលទ្ធិប្រជាធិបតេយ្យ សំដៅពង្រឹងគោលការណ៍ នៃអភិបាលកិច្ចល្អ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

«ខ្ញុំសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក-សមាជិកាទាំងអស់ សូមជួយចែករំលែក និង Subscribe ទំព័របណ្តាញសង្គម (ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម) ឲ្យបានកាន់តែច្រើន ដើម្បីទទួលបានព័ត៌មានអំពីសកម្មភាពរបស់ក្រុមការងារចុះជួយឃុំទាំង១៥ និងឯកសារថ្មីៗបន្ថែមពីគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា»។ លោក រដ្ឋមន្ត្រីបានបន្ថែម។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការបក្សស្រុកព្រៃឈរ និងតំណាងក្រុមការងារចុះជួយឃុំទាំង១៥ ឡើងរាយការណ៍អំពីសមិទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗ ដើម្បីក្តាប់ឲ្យបានសភាពការណ៍រួមក្នុងពេលបច្ចុប្បន្ន សំដៅជួយក្រុមការងារនីមួយៗធ្វើការត្រៀមលក្ខណៈបានកាន់តែល្អ និងរឹងមាំ ក្នុងការឈានទៅដណ្តើមយកជ័យជំនះពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៤ ជូនគណបក្សប្រជាជននៅថ្នាក់ក្រោមជាតិ៕