(តាកែវ)៖ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ន គឺរកមកដោយឆ្លងកាត់ការលំបាកយ៉ាងខ្លាំង និងមានការពលីរបស់ឥស្សរជនដឹកនាំជាតិ និង ប្រជាពលរដ្ឋខ្មែរស្នេហាជាតិជាច្រើនរូប ដែលត្រូវរួមគ្នាការពារ និងប្រឆាំងដាច់ខាតរាល់មហិច្ឆតាបំផ្លាញសុខសន្តិភាពនេះ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តតារាសាគរ និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពុទ្ធបរិសទជាង១២០០នាក់ ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានរំលឹកពីប្រវត្តិដ៏ជូរចត់ និងទុក្ខវេទនា ដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ លោកបានលើកឡើងថា ក្នុងរបប ប៉ុល ពត ពុំមានគណបក្សនយោបាយ ឬជនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចតេជោ ហ៊ុន សែន, សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម រួមជាមួយឥស្សរជនគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋរាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ​ដឹកនាំ បានខិតខំពុះពារគ្រប់ឧបសគ្គ រក្សាបាននូវសុខសន្តិភាពស្ថេរភាពរហូតអភិវឌ្ឍន៍ប្រទេសជាតិ ឈានឆ្ពោះទៅរក​ការរីកចម្រើនលើ​គ្រប់វិស័យដូចសព្វថ្ងៃនេះ។

«បើគ្មានគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុងចង់បំផ្លាញសុខសន្តិភាព​ដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូចតែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថា បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣ តុលា។ សូមបញ្ជាក់ជូន ពុក ម៉ែ បង ប្អូន ឲ្យបានច្បាស់ថា បើគ្មានថ្ងៃ ៧ មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ក៏គ្មានសិទ្ធិមនុស្ស ក៏គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះនោះដែរ»។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា «យើងត្រូវការពារឲ្យបានជាដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បំផ្លាញសុខសន្តិភាពរបស់ពួកយើងនោះឡើយ»

ក្នុងពិធីនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនវត្តតារាសាគរចំនួន ៨០លានរៀល និង ឧបត្ថម្ភថវិការទាំង ៩ទិស រួមាន៖ ម៉ាស៊ីនភ្លើង ០៤គ្រឿង កុំព្យួទ័រ ៤គ្រឿង ព្រីនទ័រ៤គ្រឿង ជូនគណបក្ស ស្រុក/ឃុំ និងប្រេង ៦០០លីត្រប្រគេនវត្តតារាសាគរ។

ព្រមទាំងបាននាំយក ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ចំនួន ០៧គ្រឿងទៅចែកជូន៖
- គណបក្សស្រុក ម៉តូ  (01គ្រឿង)
- យុវជនស្រុក (01គ្រឿង)
- គណបក្សឃុំ ទាំង៥ ទូទាំងស្រុកបុរីជលសារ ក្នុង ១ឃុំៗចំនួន ១គ្រឿងផងដែរ។

ក្រៅពីនោះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ អាជ្ញាធរ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះ​ផងដែរ៕