(ពោធិ៍សាត់)៖ សាលាឆាន់១ខ្នង ទំហំ៣៣ម៉ែត្រគុណ២១ម៉ែត្រ និងសមិទ្ធផលនានា ដែលបានចំណាយថវិកាអស់ ជិត១០ម៉ឺនដុល្លារ ក្នុងវត្តបព្វតារុក្ខារាម ហៅវត្តភ្នំលោក ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ទី នរិន្ទ ប្រធាន និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ។

សមិទ្ធផលទាំងនេះ ត្រូវបានស្ថាបនាសាងសង់ឡើងដោយកម្លាំងសាមគ្គីរបស់ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទៀត។

លោក សូរ សាហុង អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនថា វត្តបព្វតារុក្ខារាម មានផ្ទៃដីទំហំ១៤ហិចតា មានចម្ងាយពីទីរួមខេត្ត ពោធិ៍សាត់ ៤៧គីឡូម៉ែត្រ និងបានចាប់ផ្តើមសាងសង់ ចាប់ពីឆ្នាំ២០០៦ រហូតមកដល់ស្ថាបនារួចនាពេលនេះ ដោយកម្លាំងមហា សាមគ្គីរបស់ព្រះសង្ឃ អាចារ្យ  គណៈកម្មការវត្ត រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ប្រើប្រាស់ថវិកាអស់ ជិត៤ម៉ឺនដុល្លារ និងពុទ្ធបរិស័ទជិតឆ្ងាយ អស់ជាង៥ម៉ឺនដុល្លារ សរុបជិត១០ម៉ឺនដុល្លារ។

លោកអភិបាលស្រុកបន្តថា វត្តបព្វតារុក្ខារាម មានការប្រែប្រួលទៅមុខជាលំដាប់ ដោយសារបានការជួយឧបត្ថម្ភជាបណ្តើរៗ សម្រាប់បម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ បានធ្វើបុណ្យទានសមរម្យ ព្រមទាំងបានពង្រីកផ្លូវលំក្រាលគ្រួសក្រហម ចូលវត្ត១ខ្សែ ប្រវែង៨០០ម៉ែត្រ សាងសង់សាលាឆាន់១ខ្នង ទំហំ៣៣ម៉ែត្រគុណ២១ម៉ែត្រ ក្លោងទ្វារធ្វើពីថ្ម១ កុដិឈើ២ខ្នង មួយខ្នងទំហំ ៦ម៉ែត្រគុណ៥ម៉ែត្រ អាងទឹក៤ បន្ទប់អនាម័យ១ខ្នង និងអណ្តូងបូមទឹកដោយម៉ូទ័រ១។

លោក ទី នរិន្ទ  និងលោក ម៉ៅ ធនិន បានថ្លែងថា ការបរិច្ចាគធនធាន ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ជាការមានជំនឿ និងគោរព ព្រមទាំងបានបំពេញកាតព្វកិច្ច ក្នុងវិស័យពុទ្ធចក្រឲ្យមានការរីកចម្រើន ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុកថា ព្រះពុទ្ធសាសនាបាន និងកំពុងដើរតួរយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានបន្ថែមថា វត្តអារាម គឺជាស្រែបុណ្យ និងជាថ្នាលបណ្តុះបណ្តាលអប់រំផ្នត់គំនិត ចរិយាធម៌ សីលធម៌ និងការប្រព្រឹត្តអំពើល្អ ស្គាល់អំពីបុណ្យបាប។

នៅក្នុងឱកាសនោះ ក៏មានចែកជូននូវវត្ថុកំដដៃដល់ប្រជាពលរដ្ឋ និងប្រជាការពារ ជិត៧០០នាក់ ក្នុងម្នាក់ថវិកា១ម៉ឺនរៀល យាយជីតាជី៥០នាក់ ក្នុងម្នាក់ៗសម្លៀកបំពាក់១ឈុត និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ មកពី៦សាលា ម្នាក់ៗថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៦៥នាក់ ក្នុងម្នាក់ៗសម្ភារសិក្សា១កញ្ចប់ និងថវិកា៥ពាន់រៀល។

ដោយឡែក លោក ម៉ៅ ធនិន និងលោក ទី នរិទ្ទ ព្រមទាំងសហការី ក៏បានឧបត្ថម្ភតុសិស្ស ២៩០ឈុត និងកៅអីគ្រូបង្រៀន ១៩ឈុត ដល់សាលាចំនួន៦ ក្នុងឃុំសំរោង និងបានឧបត្ថម្ភថវិកាដល់វត្តភ្នំលោក សរុបជាទឹកប្រាក់ ជាង៤១លានរៀលផងដែរ។

មិនតែប៉ុណ្ណោះ លោក ទី នរិន្ទ និងលោក ម៉ៅ ធនិន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថា នៅសល់៤៤ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ៕