(ភ្នំពេញ)៖ មានគ្រោះអគ្គិភ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ដោយសារឆេះភោជនីយដ្ឋាន «ហាន់នី» ដែលជាភោជនីយដ្ឋានកំពុងតែជុសជុល នៅក្បែរវិទ្យាស្ថានជាតិអប់រំ តាមបណ្ដោយផ្លូវប៉ាស្ទ័រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តែទោះជាយ៉ាងណាក៏ដោយ លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាព Fresh Newsថា អគ្គិភ័យនេះមិនបានឆេះយូរនោះទេ ដោយសារតែកម្លាំងនគរបាលជំនាញ ចេញជួយអន្តរាគមន៍ទាន់ពេលវេលា ដោយរថយន្ដពន្លត់អគ្គិភ័យ បានចេញទៅដល់កន្លែងកើតហេតុចំនួន៦គ្រឿង និងបានបាញ់អស់តែ៣គ្រឿងតែប៉ុណ្ណោះ។

យ៉ាងណាមិញ លោកនាយការិយាល័យ មិនទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ ព្រោះថាពេលនេះ មន្ដ្រីជំនាញកំពុងតែសួរនាំ អ្នកកាន់កាប់ទីកន្លែង ក៏ដូចជាធ្វើការស្រាវជ្រាវតាមជំនាញ៕